ក្រុមហ៊ុន Huawei នឹងជះលុយជាង ៣ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគបណ្ដាញ 5G នៅអ៊ីតាលី
សេដ្ឋកិច្ច July 16, 2019 Chan Sreyny

អ៊ីតាលី៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei នឹងវិនិយោគទឹកប្រាក់ចំនួន ៣,១ ពាន់លានដុល្លារ នៅប្រទេសអ៊ីតាលីក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ ខណៈក្រុមហ៊ុនទូរគមនាគមន៍ចិនអំពាវនាវឱ្យទីក្រុងរ៉ូម ធានាចំពោះ ការប្រើប្រាស់អំណាចរបស់ខ្លួនលើការអភិវឌ្ឍបណ្តាញ 5G ដោយមានតម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌។ អគ្គនាយកក្រុមហ៊ុន Huawei ក្នុងប្រទេសអ៊ីតាលីលោក Thomas Miao បានថ្លែងនៅក្នុងពិធីមួយកាលពីម្សិលមិញថា អំណាចរបស់ប្រទេសអ៊ីតាលីបានអនុញ្ញាតឲ្យរដ្ឋទាំងអស់ ជួយសម្របសម្រួល ក្នុងវិស័យឯកជន ដើម្បីការពារសន្តិសុខជាតិ ហើយគួរតែត្រូវបានពង្រីកដល់អ្នកជំនួញទាំងអស់នៅ នៅសហភាពអឺរ៉ុប។

ជាមួយគ្នានេះដែរប្រភពរដ្ឋាភិបាលមួយក៏បានប្រាប់ឲ្យដឹងផងដែរថា កាលពីពេលថ្មីៗនេះ ប្រទេសអ៊ីតាលី បានបង្កើនវិធានការមួយផ្នែក ដោយសារតែការព្រួយបារម្ភជុំវិញការចូលមកវិនិយោគរបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនចិន ZTE Corp ក្នុងការអភិវឌ្ឍបណ្តាញ 5G ។ លោក Thomas Miao បាននិយាយថាក្រុមហ៊ុន Huawei នឹងបន្ថែមការងារចំនួន ១,០០០ កន្លែងនៅក្នុងប្រទេសក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។ លោកក៏បានបញ្ជាក់ផងដែរថាក្រុមហ៊ុនចិននេះ នឹងកាត់បន្ថយការងារចំនួន ១០០០ កន្លែងនៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុននេះនៅតែស្ថិតក្នុងបញ្ជីខ្មៅរបស់ទីក្រុងវ៉ាស៊ីនតោន នៅខែសីហាខាងមុខនេះ ដោយសារក្រុមហ៊ុន Huawei មាន “ផែនការ B” ដើម្បីធានាការផ្គត់ផ្គង់គ្រឿងបន្លាស់។

បន្ថែមពីនេះ សហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលប្រទេសអ៊ីតាលី និងសម្ព័ន្ធមិត្តអ៉ឺរ៉ុបដទៃទៀត ដើម្បីចៀសវាងការប្រើប្រាស់សម្ភារៈរបស់ក្រុមហ៊ុន Huawei និង ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើក្រុមហ៊ុន ZTE ដោយចោទប្រកាន់ថាអាចបង្កឱ្យមានហានិភ័យផ្នែកសុវត្ថិភាព។ ប៉ុន្តែក្រុមហ៊ុនទាំងពីរបានបដិសេធយ៉ាងដាច់ខាតចំពោះហានិភ័យបែបនេះ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុនទូរគមនាគមន៍ Italia និង Vodafone Italia ត្រូវបានគេរំពឹងថា នឹងបញ្ចប់កិច្ចព្រមព្រៀងក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ 5G រួមគ្នានៅក្នុងប្រទេសអ៉ីតាលី ហើយក្រុមហ៊ុនទាំងពីរកំពុងរង់ចាំបញ្ញតិ្តដើម្បីសម្រេចចិត្តដោះស្រាយជាមួយដៃគូចិនដូចជាក្រុមហ៊ុន Huawei ៕

អត្ថបទ៖ លីនី