សិង្ហបុរី៖ អតិថិជនដែលទិញទំនិញនៅហាងទំនិញដ៏ល្បីមួយក្នុងពិភពលោក H & M នឹងត្រូវបានគិតប្រាក់បន្ថែមក្នុងការប្រើប្រាស់ថង់ស្លាកយីហោរបស់ក្រុមហ៊ុន ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយតទៅ គ្រប់ហាងលក់របស់ក្រុមហ៊ុន H & M នៅសិង្ហបុរី នឹងគិតប្រាក់ ០.១០ ដុល្លារសិង្ហបុរី សម្រាប់ការប្រើប្រាស់គ្រប់ថង់ប្លាស្ទិក ឬក្រដាស។ ជាមួយគ្នានេះដែរ ប្រាក់ចំណូលទាំងអស់ដែលបានមកពីចំណាត់ការនេះ នឹងត្រូវបានបរិច្ចាគទៅគំរោងកែច្នៃប្លាស្ទិករបស់ប្រទេសសិង្ហបុរី (PACT) ដែលជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនលក់រាយមួយនេះ ដើម្បីលុបបំបាត់ការបំពុលបរិយាកាស និងដើម្បីធ្វើការកែច្នៃឡើងវិញសម្រាប់ថង់ប្លាស្ទិក។
ក្រុមហ៊ុន H & M បាននិយាយថា ” ចលនានេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តវេចខ្ចប់រាងជារង្វង់របស់ក្រុមហ៊ុន ដែលមានវិធានការយូរអង្វែង ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ហើយក្នុងនាមជាផ្នែកមួយនៃគំរោង PACT ក្រុមហ៊ុន H & M ក៏បានប្តេជ្ញាចិត្តចំពោះគោលដៅដែលបានកំណត់ពេលវេលា ក្នុងការលុបបំបាត់ការវេចខ្ចប់ដែលមិនចាំបាច់ ដោយផ្លាស់ប្តូរទៅជាសម្ភារៈប្រើឡើងវិញ និងធានានូវការប្រើប្រាស់ប្លាស្ទិកដែលកែច្នៃនៅក្នុងកញ្ចប់របស់ខ្លួននៅត្រឹមឆ្នាំ ២០២៥ ។ ជាមួយនឹងចំណុចនេះយើងមានបំណងជំរុញឱ្យអតិថិជនរបស់យើងចូលរួមជាមួយពួកយើងក្នុង សកម្មភាពប្រកបដោយនិរន្តរភាពដោយនាំយកកាបូបប្រើឡើងវិញផ្ទាល់របស់ពួកគេ ឬ ទិញពីហាងរបស់យើងប្រសិនបើពួកគេមិនទាន់មាននៅឡើយ “។
លោក Maureen DeRooij អគ្គនាយកក្រុមហ៊ុន WWF ប្រចាំប្រទេសសិង្ហបុរីមានប្រសាសន៍ថា ” ការផ្លាស់ប្តូររបស់ក្រុមហ៊ុន H & M គឺជាពេលវេលាដ៏ចាំបាច់មួយដែលយើងកំពុងត្រូវការសកម្មភាព ដើម្បីផ្លាស់ប្តូររបៀបផលិតផ្លាស្ទិចក្នុងការប្រើប្រាស់ និងការបោះចោល។ ការគិតថ្លៃទៅលើការប្រើប្រាស់ថង់យីហោ គឺមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយក៏ជាជំហាន ដ៏សំខាន់មួយដែលអាជីវកម្ម លក់រាយទាំងអស់អាចប្រើប្រាស់ ដើម្បីបញ្ឈប់ការបំពុលបរិស្ថានដោយផ្លាស្ទិក។ អ្វីដែលសំខាន់ក្រុមហ៊ុនសំលៀកបំពាក់ធំជាងគេ ទីពីររបស់ពិភពលោកមួយនេះ កំពុងផ្តោតលើការបង្កើនគុណសម្បត្តិផ្នែកបរិស្ថានរបស់ខ្លួនផងដែរ៕
អត្ថបទ៖ លីនី


