ប៉េកាំង៖ ស្របពេលសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក កាន់តែកើនឡើង កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនកើនឡើងត្រឹមតែ ៦.២% នៅក្នុងត្រីមាសទី២ បើធៀបនឹងឆ្នាំមុន ជាកំណើនទាបបំផុតក្នុងរយៈពេល ២៧ ឆ្នាំនៅពេលដែលតម្រូវការក្នុង និងក្រៅប្រទេសមានការធ្លាក់ចុះជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរកំណើនទិន្នន័យជាផ្លូវការដែលបានចេញផ្សាយនៅថ្ងៃនេះបានបង្ហាញ ពីការខាតបង់បន្ថែមទៀតសម្រាប់សេដ្ឋកិច្ចចាប់ពីត្រីមាសទីមួយ ៦.៤% ដែលបង្កើនការរំពឹងទុកថា ក្រុងប៉េកាំងត្រូវប្រកាសវិធានការគាំទ្របន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ និងការវិនិយោគ ជាពិសេសស្តារទំនុកចិត្តអាជីវកម្មឡើងវិញ។
លោក Mao Shengyong អ្នកនាំពាក្យការិយាល័យស្ថិតិជាតិបានប្រាប់ឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចនៅតែមានសភាពធ្ងន់ធ្ងរទាំងនៅក្នុង និងក្រៅប្រទេស ខណៈដែលកំណើនសេដ្ឋកិច្ចសកលលោកកំពុងធ្លាក់ចុះ ហើយអស្ថិរភាព និងភាពមិនច្បាស់លាស់ ពីមជ្ឈដ្ឋានខាងក្រៅកំពុងកើនឡើង ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងស្ថិតក្រោមសម្ពាធថ្មី។ បន្ថែមពីនេះដៃគូពាណិជ្ជកម្ម និងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន កំពុងតែឃ្លាំមើលយ៉ាងដិតដល់ នូវស្ថេរភាពរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើសកលលោក ប៉ុន្តែដោយសង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិកបានចំណាយពេលយូរ និងកាន់តែកើនឡើង ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយការនាំចេញទៅកាន់ពិភពលោកបានកើនឡើងត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះ ក្នុងរយៈពេល ៦ ខែដំបូង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានរំពឹងយ៉ាងជឿជាក់ថា ក្រុងប៉េកាំងនឹងបង្កើនការគាំទ្រដល់សេដ្ឋកិច្ចនៅក្នុងប៉ុន្មានខែខាងមុខនេះ បើទោះបីជា ស្ថានភាពហិរញ្ញវត្ថុមិនមានភាពនឹងនរ ហើយសេដ្ឋកិច្ចបានធ្លាក់ចុះដោយសារសង្រ្គាមពាណិជ្ជកម្មនេះ ជាពិសេសការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះជាង ៥% ក្នុងឆមាសទី១ នៃឆ្នាំនេះក៏ដោយ៕
អត្ថបទ៖ លីនី


