ក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡាឲ្យក្រុមហ៊ុន Nike នឹងផ្លាស់ប្ដូររោងចក្ររបស់ខ្លួនចេញពីវៀតណាម មកកាន់ ឥណ្ឌូនេស៊ី ឬ កម្ពុជាវិញ ដោយសារខ្លាចរងផលប៉ះពាល់ពីការដាក់សម្ពាធរបស់អាមេរិកលើវៀតណាម
សេដ្ឋកិច្ច July 15, 2019 Chan Sreyny

កាលពីឆ្នាំ ២០១៦​ ក្រុមហ៊ុន Eclat Textile Co. ដែលជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់កីឡាទៅកាន់ក្រុមហ៊ុន Nike Inc និង Lululemon Athletica Inc. បានចាកចេញពីប្រទេសចិន ដោយសារតែលក្ខខណ្ឌមិនល្អសម្រាប់ការផលិត និងផ្លាស់ប្ដូរទីតាំងទៅក្នុងប្រទេសវៀតណាម។ ប៉ុន្តែដោយសារសង្គ្រាមពាណិជ្ជកម្មសកលកាន់តែឡើងកំដៅ Eclat បានរកឃើញថា ខ្លួនងាយនឹងត្រូវរងការវាយប្រហារ ហើយត្រូវការការផ្លាស់ប្តូរចេញពីប្រទេសវៀតណាមទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី នេះបើយោងតាមការរាយការណ៍ពីសារព៌ត័មាន Bloomberg។

ប្រភពដដែលបានបន្តថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់នៅទូទាំងពិភពលោក ដោយបង្ខំឱ្យក្រុមហ៊ុនបង្វែរការផលិតចេញពីប្រទេសនៅអាស៊ី និងចូលទៅក្នុងបណ្តាប្រទេសផ្សេងទៀតដូចជា តៃវ៉ាន់ វៀតណាម និងបង់ក្លាដេស។ ប៉ុន្តែដោយសារជំហរដ៏រឹងមាំរបស់លោក Donald Trump លើប្រទេសវៀតណាមដោយចាត់ទុកថា ជាអ្នករំលោភបំពានពាណិជ្ជកម្មធំបំផុត និងបានយកពន្ធលើការនាំចូលខ្ពស់ទៅលើដែកថែប ក្រុមហ៊ុនផ្សេងទៀតជាច្រើនកំពុងដឹងថា គ្មានប្រទេសណាដែលមានភស្តុភារគ្រប់គ្រាន់ដើម្បីបម្រើជាមជ្ឈមណ្ឌលផ្គត់ផ្គង់សកលទេ។

បច្ចុប្បន្នក្រុមហ៊ុន Eclat កំពុងស្វែងរកការបង្កើតមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់តូចៗ ដែលអាចមានភាពងាយស្រួលក្នុងការផ្តល់សេវាកម្មដល់អតិថិជន ដោយក្រុមហ៊ុននឹងមិនពិចារណាលើការបន្ថែមរោងចក្រ ឬ ពង្រីកបន្ថែមនៅប្រទេសវៀតណាមក្នុងរយៈពេលបីឆ្នាំខាងមុខនេះទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុននឹងវិនិយោគលើទីតាំងថ្មី នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូនេស៊ី ឬប្រទសកម្ពុជា ដោយរំពឹងថានឹងវិនិយោគទឹកប្រាក់ ៨០ លានដុល្លារក្នុងការបង្កើតខ្សែផលិតកម្មចំនួន ១២០ កន្លែងនៅក្នុងតំបន់ដោយក្រុមប្រឹក្សាភិបាល នឹងសម្រេចលើទីតាំងជាក់ស្តែងនៅចុងឆ្នាំនេះ។

គួរបញ្ចាក់ផងដែរថា ការផ្លាស់ប្ដូរនេះមិនមែនដោយសារតែការគេចវេសពីហានិភ័យ ដែលបង្កដោយសង្រ្គាមពាណិជ្ជកម្មទាំងស្រុងនោះទេ។ តែក្រុមហ៊ុនត្រូវការការផ្លាស់ប្ដូរដើម្បីស្របតាមតំរូវការរបស់អតិថិជន ដោយអតិថិជនចង់ឲ្យផលិតផលរបស់ក្រុមហ៊ុនមានច្រើនជាងនេះ ដោយមិនមែនផលិតនៅក្នុងប្រទេសតែមួយនោះទេ ខណៈដែលបច្ចុប្បន្ន ៥០% នៃសម្លៀកបំពាក់របស់ក្រុមហ៊ុនត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម ដូច្នេះមិនមានភាពសម្បូរបែបគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ ហើយការផ្លាស់ប្ដូរបែបនេះបានធ្វើឲ្យភាគហ៊ុនកើនឡើង ១៣% នៅឆ្នាំនេះផងដែរ៕

អត្ថបទ៖ លីនី