វៀតណាមឡើងកូដខ្លាំងខាងផលិតដែកថែប ធ្វើឲ្យក្រុមហ៊ុនដែកថែបរបស់ថៃមួយចំនួនកំពុងភ័យបុកពោះ
សេដ្ឋកិច្ច July 15, 2019 Chan Sreyny

យោងតាមសារព៌ត័មានរបស់ប្រទេសថៃបានឲ្យដឹងថា ក្រុមហ៊ុនផលិតដែកថែមក្នុងប្រទេសថៃកំពុងតែជួបនឹងហានិភ័យ ហើយព្យាយាមស្វែងរកផ្លូវដ៏តូចមួយ ជៀសវាងគ្រប់ឧបសគ្គ ដើម្បីរក្សាធនធាន និងប្រាក់ចំណេញរបស់ខ្លួន ចំពេលមានវិបត្តិទាំងក្នុងស្រុក និងក្រៅស្រុក ដូចជាសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន ដែលកាត់បន្ថយការនាំចេញរបស់ប្រទេស អស្ថិរភាពនយោបាយ និងគម្រោងធំៗ ដែលយឺតយ៉ាវ គឺជាហានិភ័យដ៏ធំសម្រាប់អ្នកផលិតដែកថែប។ ជាពិសេសក្រុមហ៊ុនផលិតដែកថៃប Millcon Steel Plc ដែលបានចុះបញ្ជីផ្សារហ៊ុនក៏ត្រូវរងផលប៉ះពាល់ដែរ។

លោក Pravit Horungruang ប្រធានស្តីទី និងជានាយកប្រតិបត្តិឲ្យដឹងថា ប្រទេសថៃត្រូវតែប្រកួតប្រជែងជាមួយបណ្តាប្រទេសកំពុងរីកចម្រើនក្នុងការផលិតដែកថែបនេះ ដូចជាវៀតណាម ដែលនឹងក្លាយជាក្រុមហ៊ុនផលិតដែកថែបធំបំផុតនៅអាស៊ីអាគ្នេយ៍។ ដោយវៀតណាមអាចផលិតដែកថែបក្នុងតម្លៃថោកជាងមុន ដោយសារតែមានរោងចក្រផលិតទី២ នៅក្នុងប្រទេសដែលមានសមត្ថភាពផលិតចំនួន ៧ លានតោន ដោយរួមបញ្ចូលគ្នាជាមួយរោងចក្រទី១ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន វៀតណាមនឹងមានផលិតកម្មសរុបចំនួន ១៤ លានតោន។

លោកបានបន្ថែមថា ក្រុមហ៊ុនផលិតដែកថែបក្នុងប្រទេសថៃ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ព្រោះវៀតណាមអាចនឹងបង្កើនការផ្គត់ផ្គង់ដែកថែបទូទាំងអាស៊ីអាគ្នេយ៍ ហើយការផ្គត់ផ្គង់ថ្មីនេះ នឹងប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ ទៅកាន់បណ្តាប្រទេសផ្សេងទៀត និងធ្វើឲ្យការផលិតដែកថែបមានការធ្លាក់ចុះផងដែរ។ ខណៈដែលប្រទេសថៃធ្លាប់តែជាប្រទេសដែលមានតម្លៃថាមពលខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ហើយតម្លៃថាមពលមានចំនួនពី ៦០% ទៅ ៧០% នៃតម្លៃដែកថែប ហើយក៏មានក្រុមហ៊ុនផលិតដែកថែបជាច្រើនសម្រាប់ការនាំចេញ។

លើសពីនេះលោក Pravit បានបន្តថា «​ យើងនឹងបាត់បង់នូវការប្រកួតប្រជែងរបស់យើងនាពេលអនាគត ហើយផលិតផលដែកថែបរបស់ថៃកំពុងព្យាយាមប្រកួតប្រជែង ជាមួយប្រទេសចិន និងវៀតណាមដោយការផ្គត់ផ្គង់សរសៃដែកក្នុងតម្លៃថោក ដោយរោងចក្រនៅប្រទេសវៀតណាមអាចផលិតប្រភេទដែកថែបជាច្រើន ព្រមជាមួយនឹងតម្លៃថោកជាងមុនដែលជាចំណុចដ៏ទាក់ទាញមួយសម្រាប់ការនាំចេញ៕

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែកថែបក្នុងប្រទេសថៃ Millcon Steel Plc នឹងមានផែនការបង្កើនសមត្ថភាពផលិតកម្មសម្រាប់ដែកថែបលំដាប់ខ្ពស់ពី ៨៤,០០០ តោនក្នុងមួយឆ្នាំនៅពេលនេះ ទៅ ២៤០,០០០ តោនក្នុងមួយឆ្នាំក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត។ លើសពីនេះទៅទៀត Millcon កំពុងចូលរួមជាមួយក្រុមហ៊ុនដែកថែបរបស់ជប៉ុនដើម្បីបង្កើតក្រុមហ៊ុន Kobelco Millcon Steel Co ក្នុងការផលិតដែកថែបលំដាប់ខ្ពស់ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មរថយន្ត និងព្យាយាមពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបំពេញតម្រូវការនៅក្នុងវិស័យសំណង់របស់ប្រទេស ដែលជំរុញដោយកំណើនសេដ្ឋកិច្ច និងគម្រោងធំៗផងដែរ៕

អត្ថបទ៖ លីនី