នៅពីក្រោយភាពជោគជ័យរបស់នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Bill Gates ដែលសព្វថ្ងៃទទួលបានជោគជ័យក្នុងមុខជំនួញ និងក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក ដែលត្រូវបានមនុស្សគ្រប់គ្នាស្គាល់ដោយសារភាពល្បីល្បាញដែលលោកមានដល់សព្វថ្ងៃនេះ។ មានកត្តារួមគ្នាជាច្រើនដែលជំរុញឲ្យលោក ទទួលបានជោគជ័យ រួមទាំងការចិញ្ចឹមបីបាច់ថែរក្សារបស់ឪពុកម្ដាយលោកផងដែរ ដោយលោកបានបង្ហាញនូវចំណុច ៣ យ៉ាងដែលឪពុកម្ដាយរបស់លោកបានបង្រៀនតាំងពីក្មេងដែលធ្វើឲ្យលោកមានដូចសព្វថ្ងៃនេះ៖
១. ចូលរួមធ្វើកិច្ចការសង្គម ៖ ក្រុមគ្រួសារលោក Bill Gates ចូលចិត្តចូលរួមក្នុងកិច្ចការសហគមន៍ ហើយតែងតែនាំកូនៗរបស់ពួកគាត់ឲ្យបានចូលរួម រួមទាំងរូបលោកផងដែរ។ ម្ដាយរបស់លោកបានជឿជាក់ទៅលើគំនិតនៅក្នុងសៀវភៅ ‘Book of Luke’ ដែលបាននិយាយថា « ការផ្ដល់ឲ្យមនុស្សកាន់តែច្រើន កាន់តែបង្កើតក្ដីសង្ឃឹមច្រើនដូចគ្នា »។ Bill Gates បាននិយាយថាគោលគំនិតបែបនេះ បានបង្រៀនគាត់តាំងពីក្មេងមកម្ល៉េះ ហើយវាមានតម្លៃណាស់សម្រាប់គ្រួសាររបស់គាត់ ដូច្នេះវាមិនមែនជារឿងចំលែកនោះទេ ដែលលោកតែងតែធ្វើការចែករំលែកដល់អ្នកខ្វះខាត។
២. ផ្តល់ឯករាជ្យភាព៖ ការគ្រប់គ្រងរបស់អាណាព្យាបាលជាច្រើនមិនមានលក្ខណៈខុសគ្នាប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់ឪពុកម្ដាយនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ខុសពីឪពុកម្ដាយដទៃ ដោយពួកគេតែងតែផ្ដល់នូវឯករាជ្យដល់លោក ដោយមិនតឹងតែងចំពោះអ្វីដែលលោកចង់ធ្វើ តែមិនហួសហេតុពេកតាំងពីកុមារភាពមកដូចជាការចង់រៀនសូត្រ ការស្វែងរកអ្វីដែលថ្មីៗ ការចាកចេញពីផ្ទះដើម្បីស្វែងយល់ពីជីវិត រហូតដល់លោកអាចបង្កើតនូវភាពដ៏អស្ចារ្យមួយសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់លោក ជាពិសេសសម្រាប់មនុស្សគ្រប់គ្នានៅទូទាំងពិភពលោក។
៣. ជម្រុញលើកទឹកចិត្តមិនឲ្យបោះបង់៖ Bill Gates បាននិយាយថាឪពុកម្ដាយរបស់គាត់តែងតែជួយជម្រុញ និងលើកទឹកចិត្តដល់គាត់ ជាពិសេសមិនអនុញ្ញាតឲ្យគាត់បោះបង់នូវអ្វីដែលគាត់គិតថាមិនពូកែនោះទេ រហូតគាត់យល់ថាវាមានសារៈសំខាន់ណាស់ដែលគាត់បានដឹងថាគាត់មិនអាចមានភាពល្អគ្រប់យ៉ាងនោះទេ ហើយការបរាជ័យនោះ គឺជារឿងធម្មតាហើយអាចទទួលយកបាន។ លោក Bill Gates បាននិយាយពីសកម្មភាពទាំងនេះនៅក្នុងបទសម្ភាសន៍មួយជាមួយ Fortune ថា « នៅពេលនោះខ្ញុំគិតថាវាមិនសំខាន់ទេប៉ុន្តែវាបានបង្ហាញឱ្យខ្ញុំឃើញនូវឱកាសដឹកនាំ និងបង្ហាញខ្ញុំថាខ្ញុំមិនអាចល្អនៅក្នុងរឿងជាច្រើន ជំនួសឱ្យការប្រកាន់ខ្ជាប់នូវអ្វីដែលខ្ញុំពេញចិត្ត ហើយរហូតមកទល់ពេលនេះទើបខ្ញុំដេងថាវាជាដំបូន្មានដ៏អស្ចារ្យមួយ »៕
អត្ថបទ៖ លីនី


