ប្រធានាធិបតីឥណ្ឌូនេស៊ី ប្ដេជ្ញាចិត្តប្រឆាំងនឹងច្បាប់រឹតបន្តឹងការប្រើប្រាស់ប្រេងដូងរបស់សហភាពអឺរ៉ុប បន្ទាប់ពីប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួន
សេដ្ឋកិច្ច July 17, 2019 Chan Sreyny

ចាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានបង្ហាញពីការប្ដេជ្ញាចិត្ត និងសន្យាកាលពីថ្ងៃសុក្រថា នឹងធ្វើការប្រយុទ្ឋប្រឆាំងសហភាពអ៉ឺរ៉ុបអំពីគម្រោងរឹតបន្តឹងការប្រើប្រាស់ប្រេងដូងនៅក្នុងជីវឥន្ធនៈ ខណៈដែលទីក្រុង Brussels ចង់ដាក់កម្រិតទៅលើវត្ថុធាតុដើម ដែលត្រូវបានប្រើប្រាស់នៅក្នុងឥន្ធនៈ ដែលត្រូវបានគេរាប់ចូលទៅក្នុងគោលដៅថាមពលកកើតឡើងវិញ។ ការដាក់កម្រិតនេះអាចឈានដល់ការលុបបំបាត់ការប្រើប្រាស់ដូងប្រេងដែលគេបានធ្វើការកំណត់ទុកក្នុងឆ្នាំ ២០៣០ ក្រោមហេតុផលប៉ះពាល់ដល់បរិស្ថានដូចជា ការកាប់បំផ្លាញព្រៃឈើ និងបម្រែបម្រួលអាកាសធាតុ ។

ផែនការនេះប៉ះពាល់ដល់វិស័យកសិកម្មប្រេងដូងយ៉ាងធំរបស់ប្រទេសឥណ្ឌូនេស៊ី និងមា៉ឡេស៊ី ដែលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើទំនិញប្រភេទនេះ។ ប្រេងដូង ត្រូវបានគេចាត់ទុកថា ជាទំនិញយុទ្ធសាស្រ្តមួយសម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលមានកសិករនិងកម្មករចំនួន ១៦ លាននាក់ ស្ថិតក្នុងអាជីវកម្មប្រភេទនេះ។ បន្ថែមពីនេះ ឧស្សាហកម្មដែលជាប់ពាក់ព័ន្ធផលិតប្រេងដូង បានរួមចំណែកប្រមាណ ៤% ចំពោះផលិតផលសរុបរបស់ប្រទេសឥណ្ឌូណេស៊ី និងផ្តល់ជីវភាពដល់ប្រជាជនចំនួន ៦% ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនប្រទេសឥណ្ឌូនេស៊ីបានរកប្រាក់ចំណូលបាន ១៧,៨ ពាន់លានដុល្លារ ពីការនាំចេញប្រេងដែលត្រូវបានប្រើប្រាស់នៅក្នុងផលិតផលជាច្រើនប្រភេទដូចជា ម្ហូបអាហារ និងគ្រឿងសម្អាងជាដើម។ ដោយឡែកនៅឆ្នាំនេះ ភាគហ៊ុនក្រុមហ៊ុនប្រេងដូងបានធ្លាក់ចុះ ៩% ដោយសារក្តីបារម្ភអំពីការរឹតបន្តឹង។ ជាមួយគ្នានេះដែរ​ ទាំងឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដែលរួមគ្នាបង្កើតបានប្រេងប្រមាណ ៨៥% នៃប្រេងដូងពិភពលោកបានអះអាងពីមុនមកថា ពួកគេនឹងមិននៅស្ងៀមទេចំពោះការរឹតបន្តឹងនេះ។

ពាក់ព័ន្ធនឹងករណីនេះប្រធានាធិបតីឥណ្ឌូនេស៊ី ដែលឈ្នះឆ្នោតកាលពីខែមេសា លោក Joko Widodo បានប្តេជ្ញាថានឹងធ្វើឲ្យសហភាពអឺរ៉ុបផ្លាស់ប្តូរច្បាប់របស់ខ្លួនឲ្យទាល់តែបាន និងអនុវត្តជំហានបន្តបន្ទាប់ទៀត រួមបញ្ចូលទាំងការកាត់បន្ថយពន្ធសាជីវកម្ម ការបន្ថយច្បាប់ការងារនិងការរឹតបន្តឹងលើភាពជាម្ចាស់របស់បរទេស។ ការប្ដេជ្ញានេះ គឺដើម្បីចាត់វិធានការយ៉ាងក្លៀវក្លាដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីឲ្យឈានទៅមុខ ដូចអ្វីដែលលោកបានសន្យានៅក្នុងអាណត្តិនេះ៕

អត្ថបទ៖ លីនី