ខណៈពេលដែលសញ្ញាប័ត្រមហាវិទ្យាល័យរយៈពេលបួនឆ្នាំបានក្លាយទៅជាតម្រូវការជាទូទៅសម្រាប់ការងារជាច្រើន នៅក្នុងសហរដ្ឋអាមេរិកសូម្បីតែសម្រាប់តួនាទីដែលមិនតម្រូវឱ្យមានពីមុនក៏ដោយ តែនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook កំពុងតែមានជំហរ និងការយល់ឃើញខុសពីគេចំពោះរឿងនេះ។ លោកបានលើកឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយការងាររបស់អាមេរិកថា « អ្នកមិនត្រូវការសញ្ញាប័ត្រមហាវិទ្យាល័យ ដើម្បីទទួលបានជោគជ័យនោះទេ »។
ការយល់ឃើញបែបនេះ Tim Cook បានពន្យល់ថា វាមានភាពមិនស៊ីគ្នារវាងជំនាញដែលបានរៀននៅមហាវិទ្យាល័យ និងជំនាញដែលអាជីវកម្មត្រូវការ ជាក់ស្ដែងនៅក្នុងក្រុមហ៊ុន Apple ផ្ទាល់គឺនៅពេលសរសេរកូដ។ លោកបានបន្ថែមថា ប្រហែលពាក់កណ្តាលនៃការងាររបស់ក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុនត្រូវបានបង្កើតឡើងដោយមនុស្សដែលមិនមានសញ្ញាប័ត្ររយៈពេល ៤ ឆ្នាំ។
ជាក់ស្ដែងស្ថាបនិកក្រុមហ៊ុន Apple ដ៏ល្បីល្បាញលោក Steve Jobs បានចាប់ផ្តើមក្រុមហ៊ុននេះនៅក្នុងយានដ្ឋានរបស់គាត់នៅឆ្នាំ ១៩៧៦ បន្ទាប់ពីបោះបង់ការសិក្សានៅមហាវិទ្យាល័យ Reed ។ ដូច្នេះហើយទើបក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនមួយក្នុងចំណោមសាជីវកម្មមួយចំនួន ដែលមិនតម្រូវឲ្យមានសញ្ញាបត្រមហាវិទ្យាល័យ សម្រាប់ការងារជាក់លាក់ រួមជាមួយក្រុមហ៊ុន Google IBM ធនាគារនៃសហរដ្ឋអាមេរិក។ លោក Cook ក៏បាននិយាយផងដែរថា « ដូច្នេះយើងមិនដែលគិតថាសញ្ញាបត្រមហាវិទ្យាល័យ គឺជារឿងដែលជំរុញឲ្យអ្នកអាចធ្វើបានល្អទេ យើងតែងតែព្យាយាមពង្រីកការយល់ដឹងរបស់យើង »៕
អត្ថបទ៖ លីនី


