ជប៉ុន និងកូរ៉េខាងត្បូងវិលចូលតុចរចាវិញ ដោយសារខ្លាចខាតប្រយោជន៍រៀងខ្លួន
សេដ្ឋកិច្ច July 12, 2019 Chan Sreyny

តូក្យូ៖ ក្រោយពីភាពតានតឹងរវាងជម្លោះក្នុងការនាំចេញកាន់តែខ្លាំងទៅៗ នៅថ្ងៃនេះក្រុមមន្ត្រីមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូងកំពុងធ្វើកិច្ចចរចាថ្នាក់ការងារនៅទីក្រុងតូក្យូស្តីពីការទប់ស្កាត់ការនាំចេញរបស់ជប៉ុន ដែលបានដាក់កាលពីសប្តាហ៍មុន លើសម្ភារៈបច្ចេកវិទ្យាខ្ពស់ ដើម្បីធ្វើការដោះស្រាយពីបញ្ហានេះ ឲ្យកាន់តែល្អប្រសើរជាងមុន និងមិនប៉ះពាល់ដល់ការរាំងស្ទះ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការប៉ះទង្គិចរវាងទំនាក់ទំនងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែររដ្ឋាភិបាល Abe បាននិយាយថា ក្រុងសេអ៊ូលមានភាពធូររលុងក្នុងការត្រួតពិនិត្យការនាំចេញសម្ភារៈដែលមិនមានគុណភាព ដែលបានប្រើនៅក្នុងការផលិតបន្ទះឈីប និងឧបករណ៍ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ មុនពេលចាកចេញទៅទីក្រុងសេអ៊ូលមន្រ្តីកូរ៉េខាងត្បូងមួយរូបបាននិយាយថា ពួកគេនឹងធ្វើគ្រប់បែបយ៉ាងក្នុងការប្រើប្រាស់អំណាចរបស់ពួកគេ ដើម្បីរក្សាជំហររបស់ខ្លួនក្នុងការទំនាក់ទំនងជាមួយរដ្ឋាភិបាលជប៉ុន។ លើសពីនេះ ក្រុមមន្រ្តីកូរ៉េខាងត្បូងក៏បានរំពឹងផងដែរថា នឹងស្នើសុំឱ្យលុបចោលការទប់ស្កាត់ក្នុងការនាំចេញរបស់ជប៉ុននេះផងដែរ៕

អត្ថបទ៖ លីនី