សិង្ហបុរី៖ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងត្រឹមតែ ០.១% ប៉ុណ្ណោះ នៅត្រីមាសទី២ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍នេះ បើយោងតាមការប៉ាន់ស្មានជាផ្លូវការ ដែលចេញផ្សាយថ្ងៃនេះ។ តាមការព្យាករណ៍របស់សេដ្ឋវិទូ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ព្រោះជាកម្រិតទាបបំផុតចាប់តាំងពីត្រីមាសទី២ កាលពីឆ្នាំ ២០០៩ នៅពេលផលិតផលសរុបក្នុងស្រុកធ្លាក់ចុះ ១.២% ។
ការប៉ាន់ប្រមាណភ្លាមៗត្រូវបានគេធ្វើការគណនាទៅលើទិន្នន័យជាច្រើន ដែលប្រមូលបានក្នុងរយៈពេលពីរខែដំបូងនៃត្រីមាសនេះ ធ្លាក់ចុះខ្លាំងជាងកំណើននៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៩ ដែលមាន ១.១% ។ ផ្អែកតាមមូលដ្ឋានដែលបានរៀបចំពីមួយត្រីមាស ទៅមួយត្រីមាស បង្ហាញថា GDP របស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះ ៣.៤% ពោល គឺទាបជាងការព្យាករជាមធ្យម ០.១% និងការធ្លាក់ចុះពីកំណើន ៣.៨% កាលពីត្រីមាសមុន។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហ៍កម្ម (MTI) បានឱ្យដឹងថា ការធ្លាក់ចុះនេះបណ្តាលមកពីការធ្លាក់ចុះផលិតផលគ្រឿងអេឡិចត្រូនិក និងវិសាលភាពវិស្វកម្ម ដែលមានទំហំធំជាងការពង្រីកផលិតកម្មនៅក្នុងឧស្សាហកម្មផលិតនៅសល់។ បន្ថែមពីនេះក្នុងរយៈពេលពេញមួយឆ្នាំ MTI រំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបនឹងមានចន្លោះពី ១.៥% ទៅ ២.៥% បើទោះបីជាការព្យាករណ៍នោះនឹងត្រូវបានប្រែប្រួល នៅខែក្រោយ បន្ទាប់ពីសូចនាករសេដ្ឋកិច្ចមានការខកបំណងក៏ដោយ។
សូមបញ្ជាក់ផងដែរថា ការនាំចេញក្នុងស្រុកដែលក្រៅពីប្រេងបានធ្លាក់ចុះពីរខ្ទង់ក្នុងរយៈពេល ៣ ខែជាប់ៗគ្នាគិតត្រឹមខែឧសភាមក ហើយសន្ទស្សន៍អ្នកគ្រប់គ្រងការទិញដែលជាឧបករណ៍រង្វាស់សំខាន់នៃសកម្មភាពនៅក្នុងឧស្សាហកម្មផលិត បានធ្លាក់ចុះជាបន្តបន្ទាប់ ជាលើកទីពីរក្នុងខែមិថុនា។ បន្ថែមពីនេះអ្នកសេដ្ឋវិទូមួយចំនួនក៏បានបង្ហាញ ពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ដែលត្រូវបានកំណត់ជាពីរត្រីមាសជាប់គ្នា នៃការធ្លាក់ចុះប្រចាំត្រីមាស បូករួមទាំងត្រីមាសនេះផងដែរ៕
អត្ថបទ៖ លីនី


