ក្រុមហ៊ុនជាច្រើនកំពុងរើរោងចក្រចេញពីចិន មកកាន់តំបន់អាស៊ី ដោយសារភាពតានតឹងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក
សេដ្ឋកិច្ច July 17, 2019 Chan Sreyny

ក្រុមហ៊ុនផលិតកាន់តែច្រើនបានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេ ពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្លៃពលកម្មនាគក្រហមបានធ្លាក់ចុះនៅសល់ត្រឹមតិចតួច និងមិនសូវមានការប្រកួតប្រជែង ដែលកើតឡើងដោយភាពតានតឹងពីសង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិកដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៨ មក នេះបើយោងតាមសារព៌ត័មានក្នុងស្រុករបស់ប្រទេសថៃ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានព្យាករណ៍ថាជំលោះពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំៗទាំងពីរកាន់តែតានតឹង កាន់តែបន្ថែមល្បឿន និងកំពុងជំរុញឱ្យក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិនផ្លាស់ប្តូរទីតាំងប្រតិបត្តិការរបស់ខ្លួន ទៅកាន់ប្រទេសដទៃទៀតដើម្បីបញ្ចៀសពន្ធគយរបស់សហរដ្ឋអាមេរិក និងរក្សាការប្រកួតប្រជែងរបស់ពួកគេ។ ការសិក្សាថ្មីមួយក៏បានបង្ហាញផងដែរថា ប្រទេសវៀតណាម ថៃ និងម៉ាឡេស៊ីកំពុងទាក់ទាញ និងទទួលបានក្រុមហ៊ុនជាច្រើនដែលកំពុងផ្លាស់ប្ដូរប្រទេសចិន។

បន្ថែមពីនេះការផ្លាស់ប្ដូរទីតាំងផលិតកម្មដែលមកពីប្រទេសចិន ដើម្បីទាញយកផលប្រយោជន៍ពីតម្លៃពលកម្មទាប នៅក្នុងអនុតំបន់ ដែលជាផ្នែកមួយជួយដល់កំណើន FDI របស់ក្រុមហ៊ុន។ ក្រុមហ៊ុនជាច្រើនបានសម្លឹងឃើញពីការផ្តល់នូវកម្លាំងពលកម្មដែលមានគុណភាពខ្ពស់ និងប្រាក់ឈ្នួលប្រកួតប្រជែងរបស់ វៀតណាម ថៃ និងម៉ាឡេស៊ី ដែលកំពុងអូសទាញក្រុមហ៊ុនដែលនឹងពង្រីកការផលិត ឬ ផ្លាស់ប្តូរទីតាំង មិនត្រឹមតែពីប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងពីប្រទេសកូរ៉េ និងជប៉ុនទៀតផង។

គួរបញ្ជាក់ផងដែរថា ការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងវិស័យផលិតកម្ម នៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះរហូតដល់ ៤៦ ពាន់លានដុល្លារ។ ហើយភាពតានតឹងរវាងចិន និងអាមេរិកបានបន្តពង្រឹងនិន្នាការរបស់ក្រុមហ៊ុនជាច្រើនទៀតដែលបានផ្លាស់ប្តូរពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍ក្នុងកិច្ចប្រឹងប្រែង កាត់បន្ថយផលប៉ះពាល់ពាណិជ្ជកម្មនៃជំលោះនេះ។

រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានគៀបសង្កត់ពន្ធលើផលិតផលចិនចំនួន ២០០ ពាន់លានដុល្លារ ហើយប្រទេសចិនបានកំណត់ពន្ធលើទំនិញដែលមានតម្លៃ ៦០ ពាន់លានដុល្លារ ខណៈដែលកិច្ចប្រជុំចុងក្រោយរវាងមេដឹកនាំចិននិងអាមេរិកកាលពីថ្ងៃទី ២៩ ខែមិថុនានៅកិច្ចប្រជុំកំពូល G20 នៅជប៉ុនបានបញ្ចប់ ដោយគ្មានផ្លូវច្បាស់លាស់ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម៕

អត្ថបទ៖ លីនី