បោកប្រាស់ផង កេងបន្លំផង និងចរាចររញ៉េរញ៉ៃទៀត ធ្វើឲ្យភ្ញៀវទេសចរ ដែលធ្លាប់មកដើរលេងនៅវៀតណាម ហើយត្រលប់មកដើរលេងម្តងទៀត មានការធ្លាក់ចុះ
សេដ្ឋកិច្ច July 12, 2019 Chan Sreyny

យោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីពេលថ្មីនេះបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលធ្លាប់មកកំសាន្តនៅក្នុងប្រទេសវៀតណាម និងត្រលប់មកកំសាន្តម្ដងទៀតក្នុងឆ្នាំ ២០១៧ មានត្រឹមតែ​ ៤០% ប៉ុណ្ណោះ បើទោះបីជាវិស័យទេសចរណ៍មានការរីកចម្រើនក៏ដោយ។ ចំនួននេះអាចបង្ហាញបានថា ទាបជាងគូប្រកួតប្រជែងធំៗដូចជាប្រទេសថៃ និងឥណ្ឌូនេស៊ី ក្នុងកម្រិត ៦០% ទៅ ៧០% ដែលមានភ្ញៀវទេសចរត្រលប់មកកំសាន្ដម្ដងទៀត ៥៥%។

ប្រភពដដែលបានបន្តថា ការធ្លាក់ចុះនេះបណ្ដាលមកពីកត្តាសុវត្ថិភាពតាមដងផ្លូវ និងការក្លែងបន្លំនៅក្នុងវិស័យទេសចរណ៍ ដោយផ្ដល់នូវបទពិសោធដ៏អាក្រក់សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់តំបន់គោលដៅទេសចរណ៍ពេញនិយមរបស់វៀតណាម។ ជាមួយគ្នានេះដែរ ជនជាតិអាមេរិកមួយរូបដែលធ្លាប់បានដឹកនាំក្រុមភ្ញៀវទេសចរមកកំសាន្តនៅប្រទេសវៀតណាមបានឲ្យដឹងថា បញ្ហារួមរបស់វៀតណាម គឺការវិលត្រឡប់មកកំសាន្តម្ដងទៀតរបស់ភ្ញៀវទេសចរ ដោយភ្ញៀវទេសចរដែលបានមកកំសាន្តម្ដងរួចហើយ នឹងមិនមកកំសាន្តម្ដងទៀតនោះទេ។

បន្ថែមពីនេះរបាយការណ៍របស់ធនាគារពិភពលោកបានដកស្រង់ការស្ទង់មតិដែលបានរកឃើញថា ៤២.៧% នៃភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមបាននិយាយថា ចរាចរគ្មានសុវត្ថិភាព ហើយស្ថិតក្នុងចំណោមបទពិសោធន៍ធ្វើដំណើរដ៏អាក្រក់បំផុត ខណៈដែល ២៤.៧ %ផ្សេងទៀតនិយាយថា ពួកគេត្រូវបានបោកប្រាស់ និងក្លែងបន្លំ ដោយអាជីវកម្មទេសចរណ៍ លើសពីនេះ ២២.៤% បានត្អូញត្អែរអំពីបញ្ហាជាមួយអាជីវករក្នុងស្រុកផងដែរ។ របាយការណ៍ក៏បានសម្គាល់ផងដែរថា ការធ្លាក់ចុះទាំងនេះក៏រួមផ្សំ នឹងការកើនឡើងចំនួនប្រជាជននៅក្នុងគោលដៅទេសចរ និងការនិយាយពីមាត់មួយទៅមាត់មួយនៃហានិភ័យរបស់ភ្ញៀវទេសចរដែលធ្លាប់មកកំសាន្តពីមុនមក៕

អត្ថបទ​៖ លីនី