មហាសេដ្ឋីអាមេរិក Ray Dalio ចង់ទទួលបានជោគជ័យត្រូវចាត់ទុក «ការឈឺចាប់ គឺជាគ្រូបង្រៀនដ៏អស្ចារ្យ»
បុគ្គលជោគជ័យ July 11, 2019 Chan Sreyny

លោក Ray Dalio ជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពហិរញ្ញវត្ថុ ដែលបានចាប់ផ្តើមក្រុមហ៊ុន Bridgewater Associates ចេញពីផ្ទះល្វែងរបស់គាត់នៅឆ្នាំ ១៩៧៥​ និងបានរីកចម្រើនទៅជាមូលនិធិទ្រទ្រង់ធំបំផុតរបស់ពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុននេះមានទ្រព្យសម្បត្តិ ១៥០ ពាន់លានដុល្លារក្រោមការគ្រប់គ្រងរបស់លោក។ ក្រៅពីអាជីពក្នុងការវិនិយោគលោកក៏ជាបុគ្គលល្បីល្បាញមួយរូប ដែលបានចងក្រងពីមេរៀនជីវិត ដោយកាលពីឆ្នាំ ២០១៧ លោក Dalio បានចេញផ្សាយគោលការណ៍របស់លោកជាសៀវភៅហើយវាបានក្លាយជាសៀវភៅដែលក់ដាច់បំផុត។

រយៈពេលជាង ៤០ឆ្នាំនៅក្នុងអាជីពរបស់លោក លោកបានផ្តោតទៅលើរឿងគ្រប់យ៉ាងដែលលោកបានឆ្លងកាត់ និងអ្វីដែលខ្លួនបានរៀន ហើយក៏បានមើលឃើញភាពជោគជ័យជាច្រើនខុសពីអ្វីដែលធ្លាប់បានធ្វើ។ ភាពជោគជ័យទាំងនេះកើតឡើងពីបទពិសោធដ៏ឈឺចាប់ នៅពេលដែលលោកចាប់ផ្ដើមដំណើរការក្រុមហ៊ុន Bridgewater Associates ដំបូងដោយជួបនឹងបញ្ហាដោយសារការសម្រេចចិត្តខុស ធ្វើឲ្យបាត់បង់អតិថិជន និងអ្នករួមកាងារជាទីស្រលាញ់របស់លោក ហើយអ្វីដែលរឹតតែពិសេសជាងនេះគឺ ធ្វើឲ្យក្រុមគ្រួសារត្រូវរ៉ាប់រងក្នុងការសងបំណុល។

ដោយសារមូលហេតុអស់ទាំងនេះហើយទើប Ray Dalio បានផ្លាស់ប្តូរវិធីសាស្រ្តក្នុងការសម្រេចចិត្តដោយសារតែយល់ឃើញថា « ការឈឺចាប់ គឺជាគ្រូបង្រៀនដ៏អស្ចារ្យ »។ ដោយលោកបាននិយាយថា អ្នកឆ្ពោះទៅមុខឆ្ពោះទៅរកគោលដៅរបស់អ្នក អ្នកទទួលជោគជ័យ និងបរាជ័យ ប៉ុន្តែអ្នកពិតជារៀនពីការបរាជ័យរបស់អ្នក ដោយសារតែពួកគេជាបទពិសោធន៍ដ៏ឈឺចាប់ ហើយប្រសិនបើអ្នកអាចមើលឃើញពីការឈឺចាប់ទាំងនោះអ្នកនឹងផ្លាស់ប្តូរ៕

អត្ថបទ៖ លីនី