សេអ៊ូល៖ បន្ទាប់ពីត្រូវរងការរឹតបន្តឹងការនាំចេញពីប្រទេសជប៉ុន ក្រសួងការបរទេសប្រចាំកូរ៉េខាត្បូង បានប្រាប់ទៅក្រសួងការបរទេសអាមេរិកថា ការហាមប្រាមការនាំចេញរបស់ជប៉ុនប្រឆាំងនឹងទីក្រុងសេអ៊ូល ផ្ដល់ផលមិនល្អដល់ការដោះដូរពាណិជ្ជកម្ម និងការលូតលាស់រវាងប្រទេសជិតខាងអាស៊ីបូព៌ា។ ជាមួយគ្នានេះគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃនេះថា កូរ៉េខាងត្បូងនឹងដាក់ទឹកប្រាក់បន្ថែមប្រហែល ៣០០ ពាន់លានវ៉ុន ដែលស្មើនឹង ២,៥៤៨ លានដុល្លារអាមេរិកដើម្បីលៃលកដោះស្រាយការទប់ស្កាត់ការនាំចេញរបស់ប្រទេសជប៉ុន។
យោងតាមលោក Shaun Roache ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ S & P Global បាននិយាយថា ជម្លោះនេះមិនអាចទស្សន៍ទាយបានថា អាចដូចនឹងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនទេ តែទំនងជាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។ ការរឹតបន្តឹងនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុន Samsung Electronics Co Ltd និងក្រុមហ៊ុន SK Hynix Inc ដែលផ្គត់ផ្គង់បន្ទះឈីបដល់ក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន Apple Inc ជាដើម។
គួរឲ្យដឹងផងដែរថា ប្រទេសជប៉ុនបានរឹតបន្តឹងការហាមឃាត់កាលពីសប្តាហ៍មុនលើការនាំចេញវត្ថុធាតុដើម ៣ សំខាន់ៗដូចជា ស្មាតហ្វូន និងបន្ទះសៀគ្វី ដោយនិយាយថាការទុកចិត្តជាមួយកូរ៉េខាងត្បូងត្រូវបានបែកខ្ញែក ដោយសារជម្លោះជាមួយទីក្រុងសេអ៊ូលលើប្រជាជនកូរ៉េខាងត្បូងត្រូវបានបង្ខំឱ្យធ្វើការនៅក្រុមហ៊ុនជប៉ុនអំឡុងសង្គ្រាមលោកលើកទី ២។ ជាពិសេសកាលពីដើមសប្ដាហ៍នេះប្រទេសកូរ៉េខាងត្បូងនិងជប៉ុន បានប៉ះទង្គិចគ្នាម្ដងទៀតនៅឯនៅអង្គការពាណិជ្ជកម្មពិភពលោក ហើយមកទល់ពេលនេះក្រុងសេអ៊ូលកំពុងបង្កើនការទូត ដើម្បីឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិកចូលមកជួយដោះស្រាយចំពោះជំលោះនេះ ដោយបានលើកឡើងថា ការរឹតបន្តឹងពាណិជ្ជកម្មរបស់ជប៉ុន អាចនឹងមិនត្រឹមតែធ្វើឲ្យខូចខាត ដល់ក្រុមហ៊ុនកូរ៉េខាងត្បូងនោះទេ ប៉ុន្តែក៏អាចបង្អាក់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកផងដែរ។
ការលើកឡើងរបស់កូរ៉េខាងត្បូងខាងលើនេះ ក្នុងគោលបំណងសម្តែងការព្រួយបារម្ភពីទំនាក់ទំនងមិត្តភាពរវាងកូរ៉េខាងត្បូង និងជប៉ុន និងកិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។ ប៉ុន្តែតាមប្រភពពីសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងការដោះស្រាយ ឬ ក្លាយជាអ្នកសម្របសម្រួលក្នុងជំលោះនេះឡើយ។ ជាក់ស្ដែងអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំសហរដ្ឋអាមេរិកក៏បានប្រាប់ឲ្យដឹងផងដែរថា នេះជាបញ្ហារវាងជប៉ុន និងកូរ៉េខាងត្បូងដែលត្រូវដោះស្រាយ ដូច្នេះជប៉ុនមិនត្រូវការសហរដ្ឋអាមេរិក ដើម្បីសម្របសម្រួល ឬ ជួយដោះស្រាយនោះទេ៕
អត្ថបទ៖ លីនី


