ពលរដ្ឋឥណ្ឌាមួយចំនួនកំពុងភ័យបុកពោះ ខ្លាចគេអត់មានការងារធ្វើ ដោយការលក់រថយន្តធ្លាក់ចុះយ៉ាងគំហុក
សេដ្ឋកិច្ច July 11, 2019 Chan Sreyny

ម៉ុមបៃ៖ ការលក់រថយន្តនៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះ ១៧% នៅក្នុងខែមិថុនា ដែលបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង និងបង្កឲ្យមានការព្រួយបារម្ភអំពីការកាត់បន្ថយផលិតកម្ម និងការបញ្ឈប់ការងាររបស់បុគ្គលិក។ តម្រូវការយានយន្តនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីបីរបស់អាស៊ីបានធ្លាក់ចុះអស់រយៈពេលជាងមួយឆ្នាំ ដោយសារតែការធ្លាក់ចុះនៃឥណទាន និងភាពតានតឹងនៅទីផ្សារក្នុងស្រុក។

ការធ្លាក់ចុះនៃការលក់បានជំរុញឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនរួមមានក្រុមហ៊ុន Maruti Suzuki India ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅប្រទេសចិន។ ការកាត់បន្ថយផលិតកម្មក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលអាចឆ្លុះបញ្ចាំងពីការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ ហើយគិតចាប់ពីខែមករា ដល់ខែមីនា សេដ្ឋកិច្ចរបស់ឥណ្ឌាបានកើនឡើងក្នុងល្បឿនយឺតបំផុតអស់រយៈពេល ៤ ឆ្នាំកន្លងមកនេះ។

សមាគមក្រុមហ៊ុនផលិតរថយន្តឥណ្ឌា ឬ SIAM បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់រថយន្តបានធ្លាក់ចុះពីចំនួន ១៣៩,៦២៨ គ្រឿង ដល់ចំនួន ១៨៣,៧៨៥ គ្រឿងកាលពីឆ្នាំមុន។ ខណៈដែលរថយន្តប្រភេទ SUV បានធ្លាក់ចុះតិចជាង ១% ត្រឹម ៧២,៩១៧ គ្រឿង ស្របពេលដែលរថយន្តបានធ្លាក់ចុះជាង ២៤% ដោយការលក់រថយន្តរបស់ SIAM ត្រូវបានគេរាប់បញ្ចូលថាជាការបញ្ជូនរបស់រោងចក្រមិនមែនការលក់រាយ។

គួរបញ្ជាក់ផងដែរថា កាលពីខែមុនក្រុមហ៊ុន Maruti បានប្រកាសពីការធ្លាក់ចុះចំនួន ១៤% នៃក្នុងការលក់នៅខែមិថុនាដែលជាការធ្លាក់ចុះប្រចាំខែទី៥ ជាប់ៗគ្នា ជាហេតុដែលជំរុញឲ្យក្រុមអ្នកវិភាគព្យាករណ៍ពីការថយចុះយ៉ាងគំហុកក្នុងបរិមាណលក់របស់ Maruti នៅក្នុងឆ្នាំសារពើពន្ធនេះ។ ដោយឡែកក្រុមហ៊ុន Citi Group បានកាត់បន្ថយការលក់របស់ខ្លួនសម្រាប់ឆ្នាំនេះចំនួន ១០% និងប្រហែល ៤% សម្រាប់ឆ្នាំសារពើពន្ធក្រោយ។

បន្ថែមពីនេះការលក់រថយន្តសរុបរបស់ក្រុមហ៊ុន Suzuki Motor កាលពីឆ្នាំមុនបានបន្តធ្លាក់ចុះរហូតដល់ ៤.៧% ដោយបង្ខំឲ្យក្រុមហ៊ុនកាត់បន្ថយផលិតកម្មរបស់ខ្លួននៅត្រឹម ២១% ។ ចំនែកឯក្រុមហ៊ុន Mahindra និង Mahindra បានរាយការណ៍ពីការធ្លាក់ចុះក្នុងការលក់ ៦% កាលពីខែមិថុនា ខណៈពេលដែលក្រុមហ៊ុន Tata Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ប្រទេសចិន ដែលប្រាក់ចំណូលនៃការលក់សរុបធ្លាក់ចុះដល ២៧% ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការកាត់បន្ថយ​ផលិតកម្ម និងកាត់បន្ថយការងាររបស់បុគ្គលិក៕
​

អត្ថបទ៖ លីនី