ប្រទេសថៃមានផែនការគោលមួយក្នុងការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន ដែលប្រើបច្ចេកវិទ្យាពីប្រទេសចិន ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភាររបស់អាស៊ាន ដោយត្រូវបានគេសម្លឹងឃើញថា ផែនការមួយនេះអាចដំណើរការទៅបាន ដោយស្ថិតនៅលើឥទ្ធិពល ដែលប្រទេសចិនអាចទទួលយកបានដើម្បីជួយប្រទេសថៃកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ លោក Pailin Chuchottaworn រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបានថ្លែងថា រដ្ឋាភិបាលបានចាប់ផ្តើមរួចហើយក្នុងការសាងសង់ផ្លូវមួយចំនួនហើយ នឹងបន្តអំពាវនាវឲ្យមានគម្រោងសាងសង់បន្ថែមទៀត។
ជាក់ស្ដែងរដ្ឋាភិបាលថៃកំពុងបន្តផែនការដ៏មានមហិច្ឆតាមួយ ដើម្បីកសាងបណ្ដាញផ្លូវដែកភ្ជាប់ប្រទេសថៃទៅកាន់ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ានដូចជា សិង្ហបុរី និងចិន ដោយនាពេលអនាគតថៃនឹងដំណើរការរថភ្លើងល្បឿនលឿនពី ស្ថានីយ៍រថភ្លើងនៅ Bang Sue ទៅរដ្ឋធានីប្រទេសចិន និងប្រទេសសិង្ហបុរី។ ប៉ុន្តែមហិច្ឆតារបស់ចិនមិនបញ្ចប់ខ្សែរថភ្លើងនៅត្រឹមទីក្រុងបាងកកនោះទេ តែត្រូវបានពង្រីកបន្ថែមទៀតនៅទិសខាងត្បូងតាមរយៈប្រទេសម៉ាឡេស៊ី និងបញ្ជូនទៅប្រទេសសិង្ហបុរី ដោយក្រោមបណ្តាញផ្លូវដែកអាស៊ីអាគ្នេយ៍ប្រវែង ៣០០០ គីឡូម៉ែត្រដែលគ្រោងនឹងរៀបចំ។
បន្ថែមពីនេះរដ្ឋាភិបាលថៃបានបន្តថា នេះជាលើកទី១ ហើយដែលប្រទេសថៃនឹងមានបណ្តាញដឹកជញ្ជូនបែបទំនើបមួយដែលមានប្រវែង ៣,១៩៣ គីឡូម៉ែត្រក្នុងតម្លៃប្រហែល ២.០៧ ពាន់ពាន់លានបាត (៦៧.៣ ពាន់លានដុល្លារ) ដែលជាសរសៃឈាមយ៉ាងសំខាន់របស់ប្រទេសថៃ និងធ្វើឲ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលភស្តុភាររបស់អាស៊ាន។ ផែនការនេះគឺ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវក្រវ៉ាត់ក្រុង និងផ្លូវដែកក្នុងតម្លៃ ១ ពាន់លានដុល្លាររបស់ចិន ដែលបង្កើតឡើងដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ប្រទេសចិនដើម្បីនាំចូលថាមពល និងធនធានសំខាន់ៗដទៃទៀត។ មិនតែប៉ុណ្ណោះយោងតាមផែនការនេះ Bang Sue នឹងក្លាយជាស្ថានីយធំមួយដែលត្រូវគេរំពឹងថា នឹងក្លាយជាតំបន់ធំជាងគេនៅក្នុងអាស៊ាន ដោយស្ថានីយ៍មានកម្ពស់ ៤ជាន់ នឹងគ្របដណ្តប់លើផ្ទៃដីចំនួន ៣០០,០០០ ម៉ែត្រការ៉េ ហើយត្រូវបានគេគ្រោងថា នឹងត្រូវបានហ៊ុំព័ទ្ធដោយតំបន់ពាណិជ្ជកម្មជាច្រើនផងដែរ៕
អត្ថបទ៖ លីនី


