ស្ថាបនិកក្រុមហ៊ុន Alibaba មហាសេដ្ឋី Jack Ma បានបង្កឲ្យមានភាពចម្រូងចម្រាសបន្ទាប់ពីនិយាយថា យុវវ័យគួរតែមើលឃើញពីវប្បធម៌ការងារបន្ថែមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដែលជា “ពរជ័យដ៏ធំធេង” មួយ។ នៅក្នុងសារមួយផ្ញើទៅកាន់បុគ្គលិកលោកបានប្រាប់ថា កម្មករជាច្រើនមិនមានឱកាសក្នុងការដាក់ម៉ោងបន្ថែមនៅកន្លែងធ្វើការទេ ដូច្នេះអ្នកដែលត្រូវបានជ្រើសរើសគួរទាញយកអត្ថប្រយោជន៍ឲ្យបានច្រើន ដោយលោកបានលើកឡើងថា «ខ្ញុំគិតថាការអាចធ្វើការបាន 996 គឺជាពរជ័យដ៏ធំ» ដែលសំដៅទៅលើម៉ោងធ្វើការចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 9 យប់ និងប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។
លោកបានបន្តថា « ក្រុមហ៊ុនជាច្រើន និងមនុស្សជាច្រើនមិនមានឱកាសធ្វើការ 996 ទេ ប្រសិនបើអ្នកមិនធ្វើការ 996 នៅពេលអ្នកនៅក្មេង តើអ្នកអាចធ្វើការ 996 នៅពេលណា? »។ យោងតាមបទពិសោធអតីតគ្រូបង្រៀនវ័យ ៥៤ ឆ្នាំ ដែលសព្វថ្ងៃជាមនុស្សដែលមានជាងគេបំផុតនៅប្រទេសចិនបានកត់សម្គាល់ថាគាត់ និងមិត្តរួមការងាររបស់គាត់ទាំងអស់សុទ្ធតែបានចំណាយពេលច្រើនម៉ោងនៅក្នុងថ្ងៃដំបូងនៃក្រុមហ៊ុន Alibaba ។
គាត់បាននិយាយថាការលះបង់ គឺសំខាន់ណាស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដោយគាត់បានចោទសួរជាសំនួរថា « ប្រសិនបើអ្នកមិនចំណាយពេលវេលា និងកម្លាំងច្រើនជាងអ្នកដទៃ តើអ្នកអាចទទួលបានភាពជោគជ័យដែលអ្នកចង់បានយ៉ាងដូចម្តេច? ហើយបើប្រៀបធៀបនឹងពួកគេរហូតមកដល់សព្វថ្ងៃខ្ញុំនៅតែមានអារម្មណ៍ថាមានសំណាង ខ្ញុំមិនស្ដាយក្រោយទេដែលធ្វើការ ១២ ម៉ោង ដោយខ្ញុំនឹងនៅតែបន្តធ្វើការបែបនេះរហូត »។ បន្ថែមពីនេះលោកបានបន្ថែមថា « ប្រសិនបើអ្នករកការងារដែលអ្នកចូលចិត្ត ធ្វើការ 996 មិនមែនជាបញ្ហានោះទេ តែបើអ្នកមិនស្រលាញ់ការងារទើបជាបញ្ហា ដោយអ្នកនឹងមានអារម្មណ៍ថារាល់នាទីនៃការធ្វើការ គឺជាការដាក់ទោស »៕
អត្ថបទ៖ លីនី


