កូរ៉េខាងត្បូងក្រពុលមុខយ៉ាងខ្លាំង ដោយសារជប៉ុនតឹងរឹងលើការនាំចេញរបស់ខ្លួនពេក
សេដ្ឋកិច្ច July 10, 2019 Chan Sreyny

ប្រទេសកូរ៉េខាងត្បូងមិនពេញចិត្តនឹងជប៉ុន ដោយសារតែតម្រូវការនាំចេញកាន់តែតឹងរឹង សម្រាប់សម្ភារៈបច្ចេកវិទ្យាខ្ពស់មួយចំនួន ដែលហៅថាជាការរំលោភលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។ ដោយការប្រតិបត្តិទាក់ទង នឹងការសម្រេចចិត្តរបស់ជប៉ុនក្នុងការអនុវត្តច្បាប់តឹងតែងលើការដឹកជញ្ជូនសារធាតុ ដែលប្រើនៅក្នុងផលិតផលបច្ចេកវិទ្យាខ្ពស់ដូចជា ស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងលោក Paik Ji-ah បាននិយាយថា មានតែការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសជប៉ុនប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងហើយកំពុងមានផលប៉ះពាល់ជាទូទៅ។ ប៉ុន្តែឯកអគ្គរដ្ឋទូតជប៉ុនបានច្រានចោលការអះអាងនេះ ដោយលោកបាននិយាយថា ការសម្រេចចិត្តនេះមិនមែនជាការហាមឃាត់ផ្នែកពាណិជ្ជកម្មនោះទេ ប៉ុន្តែការត្រួតពិនិត្យឡើងវិញនៃការនាំចេញដោយផ្អែកលើហេតុផលសន្តិសុខ ហើយវាមិនរំលោភលើបទបញ្ជារបស់អង្គការពាណិជ្ជកម្មពិភពលោកនោះទេ។

គួរបញ្ជាក់ផងដែរថា ភាពតានតឹងនេះកើតមានប៉ុន្មានខែក្រោយ បន្ទាប់ពីតុលាការកំពូលកូរ៉េខាងត្បូងបានបញ្ជាឲ្យក្រុមហ៊ុនជប៉ុនទូទាត់សំណងដល់កម្មករដែលនិយាយថា ពួកគេត្រូវបានបង្ខំឲ្យធ្វើការក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ហើយទីក្រុងតូក្យូបានអំពាវនាវឲ្យទីក្រុងសេអ៊ូល បង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយជម្លោះនេះ ប៉ុន្តែទីក្រុងសេអ៊ូលមិនបានឆ្លើយតបទៅនឹងសំណើនោះទេ។ យ៉ាងណាមិញរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនបាននិយាយកាលពីម្សិលមិញថា ក្រុងតូក្យូមិនមានផែនការដកចេញនូវការទប់ស្កាត់ ការនាំចេញ ដែលជានីតិវិធីនៅក្នុងប្រទេសជប៉ុន ក្នុងគោលបំណងគ្រប់គ្រងការនាំចេញឲ្យបានត្រឹមត្រូវនោះទេ៕

អត្ថបទ៖ លីនី