គ្រាន់តែបន្លែ ផ្លែឈើ របស់ថៃនាំចេញទៅចិន កើបលុយបានរាប់ពាន់លានដុល្លារ
សេដ្ឋកិច្ច July 17, 2019 Chan Sreyny

គិតចាប់ពីខែមករា ដល់ខែ ឧសភាការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសថៃទៅកាន់ប្រទេសចិនបានកើនឡើង ៣១% បើប្រៀបធៀបទៅនឹងឆ្នាំមុន មានតម្លៃរហូតដល់ ១,២ ពាន់លានដុល្លារ នេះបើយោងតាមការរាយការណ៍របស់នាយកដ្ឋានចរចាពាណិជ្ជកម្ម។ តម្លៃសរុបនៃការនាំចេញផ្លែឈើ​មានចំនួន ៨៣៨,៦១ លានដុល្លារ ខណៈពេលដែលបរិមាណនៃការនាំចេញខ្ពស់គឺ ៤.៥% ដូចជា ផ្លែមៀន ផ្លែម្ឃុត និងដូងខ្ចី ចំពោះតម្លៃដែលនៅសល់ គឺសម្រាប់ការនាំចេញបន្លែដោយក្នុងរយៈពេល ៥ ខែដំបូងមានចំនួន ៣៦១,០៨ លានដុល្លារធ្លាក់ចុះ ៣៣% ដែលដំឡូងមី គឺជាបន្លែដែលសំខាន់តំណាងឲ្យ 96% បន្ទាប់មកដោយសណ្តែក និងបន្លែស្ងួត។

ប្រភពដដែលបានបន្តថា តម្លៃផ្លែឈើ និងបន្លែកើនឡើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ចាប់តាំងពីឆ្នាំ ២០០៣ មក ដោយកិច្ចព្រមព្រៀងនេះ គឺជាអាវុធដ៏សំខាន់មួយសម្រាប់ប្រទេសថៃ ដើម្បីបង្កើតផលប្រយោជន៍សម្រាប់កសិករ និងអ្នកនាំចេញផងដែរ។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៨ តំលៃនៃការនាំចេញផ្លែឈើ និងបន្លែពីថៃទៅប្រទេសចិនមាន ១,៩៣ ពាន់លានដុល្លារកើនឡើង ១,៣១២ ភាគរយ ដោយប្រទេសចិនមានតម្រូវការទិញខ្ពស់ពីប្រជាជន ១,៤ ពាន់លាននាក់។ មុនពេលកិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពក្នុងឆ្នាំ ២០០៣ អតិរេកពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយប្រទេសចិនមានចំនួនត្រឹមតែ ១០០,២២ លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ អតិរេកពាណិជ្ជកម្មបានកើនឡើងដល់ ៨៥៤,៧៥ លានដុល្លារ។

បច្ចុប្បន្នប្រទេសចិនមានវិធានការនាំចូលយ៉ាងតឹងរឹងលើសុវត្ថិភាព និងគុណភាពម្ហូបអាហារ ដោយការនាំចូលផ្លែឈើ និងបន្លែត្រូវបានអនុលោមតាមការអនុវត្តកសិកម្មល្អ (GAP) និងការអនុវត្តផលិតកម្មល្អ (GMP) ។ ជាពិសេសផលិតផលទាំងអស់ត្រូវតែបំពេញតាមស្តង់ដារនៃចំនួនសំណល់ ថ្នាំសំលាប់សត្វល្អិត និងសត្វល្អិតកសិកម្ម។ បន្ថែមពីនេះនាយកដ្ឋានអំពាវនាវដល់កសិករ និងអ្នកដាំដុះនៅក្នុងប្រទេសថៃ ឲ្យគោរពតាមវិធានការ និងស្តង់ដាទាំងនេះដើម្បីរក្សាគុណភាព និងការប្រកួតប្រជែង៕

អត្ថបទ៖ លីនី