យោងទៅតាមរបាយការណ៍របស់សមាគមនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានឲ្យដឹងថា តម្លៃនៃការនាំចេញសម្រាប់ពេញមួយឆ្នាំអាចកើនឡើងត្រឹមតែ ២ ភាគរយប៉ុណ្ណោះពីឆ្នាំមុន ដែលមានតម្លៃត្រឹមតែ ៩ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះអាចបង្ហាញថា ចំនួនបញ្ជាទិញរបស់ប្រទេសវៀតណាមទទួលបានមានតិចជាងគោលដៅដែលបានកំណត់ទុករហូតដល់ ១០ ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ដោយការនាំចេញនូវអាហារសមុទ្រសំខាន់ៗដូចជា ត្រី បង្គា និងត្រី pangasius។ ជាមួយគ្នានេះដែរការនាំចេញបង្គាក្នុងរយៈពេល ៦ ខែដំបូងត្រូវបានគេប៉ាន់ប្រមាណថានឹងធ្លាក់ចុះ ១១% ក្នុង ១ ឆ្នាំមកនៅត្រឹម ១,៤ ពាន់លានដុល្លារ ខណៈដែលការនាំចេញត្រីក្នុងត្រីមាសដូចគ្នាត្រូវបានគេប៉ាន់ប្រមាណថាធ្លាក់ចុះ ០.៧% ស្មើនឹង ៩៩៥ លានដុល្លារ។
ប្រភពដដែលបានបន្តថាការនាំចេញនៅឆមាសទីមួយនៃឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងធ្លាក់ចុះ ១% ស្មើនឹងទឹកប្រាក់ចំនួន ៣,៩៥ ពាន់លានដុល្លារ ដោយសារការនាំចេញទៅកាន់សហភាពអឺរ៉ុបធ្លាក់ចុះ ១១% ព្រោះតែការដាក់ពិន័យកាតលឿងតាំងពីឆ្នាំ ២០១៧ ចំពោះការនេសាទខុសច្បាប់។ ម្យ៉ាងវិញទៀតការនាំចេញទៅកាន់ប្រទេសចិនដែលជាទីផ្សារគ្រឿងសមុទ្រសំខាន់បំផុតមួយរបស់វៀតណាមក៏បានធ្លាក់ចុះ ៥%ផងដែរ ដោយសារប្រទេសនេះរឹតបន្តឹងគោលនយោបាយនាំចូល និងទាមទារគុណភាពល្អហើយការនាំចេញទៅប្រទេសទាំងមូលនេះអាចថយចុះបន្តិចបើប្រៀបធៀបទៅនឹងឆ្នាំមុន៕
អត្ថបទ៖ លីនី


