ហាណូយ៖ ការនាំចេញម្រេចរបស់វៀតណាមនៅក្នុងខែមិថុនា កើនឡើងរហូតដល់ ៥៨.៨% ដែលស្មើនឹង ៣៥,០០០ តោន (៨៥លានដុល្លារអាមេរិក) គិតជាបរិមាណគឺ ២០% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ នេះបើយោងតាមការចេញផ្សាយដោយនាយកដ្ឋាននាំចូល និងនាំចេញរបស់ក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្ម។ ដោយតម្លៃម្រេចនៅក្នុងទីផ្សារវៀតណាមកំពុងកើនឡើងទៅតាមហាងឆេងតំលៃពិភពលោកដែលកើនឡើងពី ១.១% ទៅ ៤.៥% បើប្រៀបធៀបទៅនឹងខែមុន។
នៅក្នុងឆមាសទី១ នៃឆ្នាំនេះវៀតណាមបានបាននាំចេញម្រេចខ្មៅ ១៨១,០០០ តោន ដោយទទួលបានចំណូល ៤៦១ លានដុល្លារ ដែលធ្លាក់ចុះ ២៥.៧% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។ ដោយគេប៉ាន់ប្រមាណថាការនាំចេញម្រេចរបស់វៀតណាមនៅខែមិថុនាមានការកើនឡើងឈានដល់ ៣៥,០០០ តោន ដែលមានតម្លៃ ៨៥ លានដុល្លារ បើប្រៀបធៀបទៅនឹងខែមុនការនាំចេញធ្លាក់ចុះនៅចន្លោះ ៧.៩% ទៅ ៩% ដោយតម្លៃមធ្យមគឺ ២,៤២៩ ដុល្លារក្នុងមួយតោន។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានព្យាករណ៍ថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខការនាំចេញម្រេចប្រហែលជាប្រឈមនឹងការលំបាក ដោយសារប្រទេសប្រេស៊ីល និងឥណ្ឌូណេស៊ីកំពុងរៀបចំប្រមូលផលដ៏ច្រើន។ ហើយនៅក្នុងទីផ្សារពិភពលោកតម្លៃម្រេចក្នុងខែមិថុនាបានកើនឡើងបើទោះបីជាមានការផ្គត់ផ្គង់ច្រើនក៏ដោយ។ និន្នាការកើនឡើងត្រូវបានគេរំពឹងថានឹងមិនមានរយៈពេលយូរដោយសារតែសម្ពាធនៃការផ្គត់ផ្គង់លើសតម្រូវការ៕
អត្ថបទ៖ លីនី


