យោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចេញអង្កររបស់កម្ពុជាទៅសហភាពអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែការខាតបង់ត្រូវបានទូទាត់ដោយការបង្កើនការលក់ទៅប្រទេសចិនវិញ។ ការធ្លាក់ចុះនេះកើតមានឡើងបន្ទាប់ពីសហភាពអុឺរ៉ុបបានដាក់ពន្ធលើការនាំចេញអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ារយៈពេល ៣ឆ្នាំ ដើម្បីការពារផលិតកររបស់ខ្លួនដូចជាប្រទេសអ៉ីតាលី បន្ទាប់ពីមានការកើនឡើងនៃការនាំចូលពីបណ្ដាប្រទេសនៅអាស៊ី។
ជាមួយគ្នានេះដែរ ទិន្នន័យពីលេខាធិការដ្ឋានសេវាច្រកចេញចូលតែមួយសម្រាប់ការនាំចេញអង្ករ ដែលជាក្រុមការងាររួមគ្នាមួយរបស់រដ្ឋាភិបាលបានឲ្យដឹងថា សម្រាប់រយៈពេល ៦ ខែដំបូងនៃការនាំចេញអង្ករទៅសហភាពអឺរ៉ុបបានធ្លាក់ចុះ ៣២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ៩៣,៥០៣ តោន។ តែទោះជាយ៉ាងណាក៏ដោយ ការនាំចេញអង្ករទៅកាន់ប្រទេសចិនបានកើនឡើង ៦៦% ក្នុងរយៈពេលដូចគ្នាដល់ទៅ ១១៨,៤០១ តោន ខណៈពេលដែលការនាំចេញអង្ករសរុបបានកើនឡើង ៣.៧% ស្មើនឹង ២៨១,៥៣៨ តោន ដោយប្រទេសអូស្រ្តាលីបានក្លាយជាទីផ្សារថ្មី។
លោក កាន់ គន្ធី អនុប្រធានក្រុមហ៊ុន Amru Rice បានប្រាប់ឲ្យដឹងថា ការនាំចេញទៅសហភាពអឺរ៉ុបបានធ្លាក់ចុះ បន្ទាប់ពីវិធានការការពារដូច្នេះចិន និងទីផ្សារថ្មីផ្សេងទៀតជាពិសេសប្រទេសអូស្ត្រាលីកំពុងស្ទុះងើបឡើង។ លោកបានបន្ថែមថា «ការបាត់បង់ទីផ្សារមិនល្អនោះទេ ប៉ុន្តែរឿងល្អគឺថាយើងរកទីផ្សារផ្សេងទៀត»។ ដោយក្រុមហ៊ុន Amru បានបញ្ចប់កិច្ចព្រមព្រៀងជាមួយអ្នកនាំចូលអង្កររបស់អូស្ត្រាលី ហើយរំពឹងថាការនាំចេញអង្ករប្រចាំឆ្នាំប្រហែល ២០ ម៉ឺនតោន បន្ទាបពីការលក់ទៅប្រទេសអូស្ត្រាលីបានកើនឡើងដល់ ៨,០៣៥ តោននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
គួរបញ្ចាក់ផងដែរថាចាប់តាំងពីខែកុម្ភៈមកសហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការផ្អាក EBA របស់ប្រទេសកម្ពុជារយៈពេល ១៨ ខែដោយស្របតាមការលើកឡើងរបស់ខ្លួនស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែទៅជាយ៉ាងណាក៏ដោយ ប្រទេសចិននឹងជួយប្រទេសកម្ពុជាប្រសិនបើសហភាពអឺរ៉ុបដក EBA ដោយយល់ព្រមនាំចូលអង្ករកម្ពុជាចំនួន ៤០០,០០០ តោន៕
អត្ថបទ៖ លីនី


