កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប – វៀតណាម (EVFTA) នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យរបស់វៀតណាមមានការកើនឡើង ជាពិសេសវិស័យអចលនទ្រព្យឧស្សាហកម្ម នេះបើយោងតាមការការរៀបរាប់របស់ក្រុមអ្នកឯកទេស។ ដោយ EVFTA គឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលជួយលើកកម្ពស់វិស័យឧស្សាហកម្ម និងការនាំចេញនៅក្នុងប្រទេសវៀតណាមដោយលុបចោលពន្ធចំនួន ៩៩% លើទំនិញពីភាគីទាំងពីរ ហើយតំបន់ឧស្សាហកម្មរបស់វៀតណាមដែលកំពុងទាក់ទាញការចាប់អារ្មណ៍ពីអ្នកវិនិយោគទុនជាច្រើនពិសេស គឺមកពីអឺរ៉ុប។
លោក Troy Griffiths អនុប្រធានគ្រប់គ្រងក្រុមហ៊ុនមួយក្នុងប្រទេសបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្វែរប្រទេសនេះទៅជាទិសដៅផលិតឈានមុខគេនៅអាស៊ី។ ហើយពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាមនិងសហភាពអឺរ៉ុប នឹងនាំឲ្យមានការកើនឡើងនូវការវិនិយោគ និងការងារដោយផ្ទាល់ពីបរទេស និងផ្តល់ឱកាសជាច្រើននៅក្នុងផ្នែកអចលនទ្រព្យទាំងអស់។ បន្ថែមពីនេះរបាយការណ៍មួយទៀតក៏បានបង្ហាញផងដែរថា វិស័យអចលនទ្រព្យឧស្សាហកម្មអាចទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូររោងចក្រពីប្រទេសដទៃទៅប្រទេសវៀតណាមខណៈពេលអ្នកវិនិយោគស្វែងរកគោលនយោបាយអនុគ្រោះពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) រួមទាំង EVFTAផងដែរ។
ជាមួយគ្នានេះដែរលោក Nguyen Dinh Cung នាយកវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចកណ្តាល (CIEM) បាននិយាយថាអចលនទ្រព្យឧស្សាហកម្មរបស់ប្រទេសវៀតណាមមានភាពទាក់ទាញច្រើនជាងប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ី ដោយសារតម្លៃពលកម្មទាប និងអត្រាពន្ធលើសាជីវកម្មអនុគ្រោះ នឹងបន្តបង្ហាញពីអត្ថប្រយោជន៍សម្រាប់វិស័យនេះទៅមុខបន្ថែមទៀត។ ហើយត្រូវបានគេរំពឹងថាសេវាកម្មអចលនទ្រព្យឯកជននិងកើនឡើង ៥០០ នៅលើផ្ទៃដីសរុបចំនួន ៥០០,០០០ ហិកតា នៅឆ្នាំ ២០២២ខាងមុខនេះ៕
អត្ថបទ៖ លីនី


