យោងតាមសារព៌ត័មានពីប្រទេសថៃបានឲ្យដឹងថា ការនាំចេញរថយន្ត កុំព្យូទ័រ និងសម្ភារៈអគ្គីសនី សុទ្ធតែត្រូវប្រឈមមុខនឹងហានិភ័យ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរបស់វៀតណាមជាមួយសហភាពអឺរ៉ុប។ ខណៈដែលប្រទេសថៃមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប ដែលអាចជួយកាត់បន្ថយប្រព័ន្ធអនុគ្រោះទូទៅសម្រាប់ប្រទេសថៃ ដែលបានចុះកាលពី ២០១៥ ដូច្នេះរាល់ផលិតផលនាំចេញរបស់ថៃទាំងអស់ត្រូវបានកំណត់ដោយពន្ធគយរបស់សហភាពអឺរ៉ុប។
ប្រភពដដែលបានបន្តថា វៀតណាមអាចទទួលបានអត្ថប្រយោជន៍ និងផលចំណេញច្រើនជាងថៃ នៅពេលដែលប្រទេសនេះបានចុះហត្ថលេខាកាលពីថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងហាណូយលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប – វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគទុន EU-Vietnam (EVIPA) ដែលមានរយៈពេលរហូតដល់ ១០ ឆ្នាំ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ការកាត់បន្ថយពន្ធគយលើទឹកដីទាំងពីរ គឺពន្ធគយរបស់វៀតណាមនឹងធ្លាក់ចុះសម្រាប់ផលិតផលរបស់សហភាពអ៊ឺរ៉ុបចំនួន ៦៥% ហើយផលិតផលដែលនៅសល់នឹងបន្តក្នុងរយៈពេល ១០ ឆ្នាំ។
លើសពីនេះសហភាពអឺរ៉ុប ពេញចិត្តនឹងកាត់បន្ថយពន្ធលើផលិតផលវៀតណាមរហូតដល់ ៧១% ហើយផលិតផលដែលនូវសល់នឹងទទួលបានការកាត់បន្ថយពន្ធក្នុងរយៈពេល ៧ឆ្នាំបន្ថែមទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត សហភាពអឺរ៉ុបនឹងជួយវៀតណាមក្នុងការអភិវឌ្ឍការវិនិយោគ ការអនុវត្តច្បាប់ និងតម្លាភាពដើម្បីទាក់ទាញលំហូរនៃការវិនិយោគ នៅក្រោមអង្គភាព EVIPA ទៀតផង។ លោក Pimchanok Vonkorpon អគ្គនាយកការិយាល័យទូទៅក្នុងប្រទេសថៃបាននិយាយថា « អ្នកផ្គត់ផ្គង់យានយន្តនៅក្នុងប្រទេសថៃគួរតែត្រៀមខ្លួន ដើម្បីប្តូរទីតាំងរោងចក្រទៅប្រទេសវៀតណាម នៅក្នុងការផលិតឡានជាច្រើន ព្រោះឧស្សាហកម្មក្នុងតំបន់ត្រូវតែបង្កើនប្រសិទ្ធភាព និងបង្កើនល្បឿនក្នុងការផលិតរថយន្តជំនាន់ថ្មី »។ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះ គឺរដ្ឋាភិបាលវៀតណាមបានកំពុងអនុវត្ដអនុក្រឹត្យលេខ ១១៦ ដែលនឹងត្រួតពិនិតទៅលើរថយន្តដែលគ្មានពន្ធរបស់ប្រទេសថៃ។
លោកបានបន្តថា កុំព្យូទ័រ គ្រឿងបន្លាស់ដែលពាក់ព័ន្ធនឹងសៀគ្វីអគ្គីសនី ក៏ត្រូវប្រឈមនឹងការផ្លាស់ប្តូរទីលំតាំងទៅកាន់ប្រទេសវៀតណាមដូចគ្នាដែរ ដោយសារតែប្រទេសវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មអេឡិចត្រូនិក។ ជាមួយគ្នានេះដែរសហភាពអឺរ៉ុបនឹងចូលរួមក្នុងការចរចារស្រដៀងគ្នាជាមួយប្រទេសថៃ ព្រោះសហភាពអឺរ៉ុបចង់បង្កើតទីផ្សារផលិតផលជាច្រើនដូចជា ថ្នាំពេទ្យ រថយន្ត និងភេសជ្ជៈដែលមានជាតិអាល់កុល។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៧ ពាណិជ្ជកម្មវៀតណាម – សហភាពអឺរ៉ុបកើនឡើង ១១.៦% ដែលមានចំនួន ៥,០៤៣ ពាន់លានដុល្លារច្រើនជាងប្រទេសថៃដែលកើនឡើងត្រឹមតែជិត ១១% នៅក្នុងរយៈពេលដូចគ្នានេះ៕
អត្ថបទ៖ លីនី


