នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានយល់ស្របទៅនឹងការលើកឡើងរបស់អ្នកដឹកនាំរបស់គាត់គឺលោក Steve Jobs ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple ដែលធ្វើឲ្យគាត់អាចដឹកនាំក្រុមហ៊ុនទទួលបានជោគជ័យរហូតមកទល់បច្ចុប្បន្ន និងធ្វើឲ្យគាត់យល់ដឹងពីតម្លៃនៃពេលវេលា និងចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវ។ លោក Tim Cook បានចែករំលែកដំបូន្មានទាំងនេះទៅកាន់និស្សិតបញ្ចប់ការសិក្សានៃសាកលវិទ្យាល័យស្ទែនហ្វដដោយយកពាក្យទូន្មានរបស់លោក Steve Jobs មកចែករំលែកដែលបានលើកឡើងថា « ពេលវេលារបស់អ្នកមានកំណត់ ដូច្នេះកុំខ្ជះខ្ជាយក្នុងការរស់នៅក្នុងជីវិតអ្នកដទៃ» ។
នៅក្នុងពាក្យទូន្មានរបស់លោក Steve Jobs នេះ Tim Cook បានយល់ស្របដោយលោកបាននិយាយថា៖ « អ្វីដែលខ្ញុំបានដឹង គឺខ្ញុំត្រូវធ្វើការកែប្រែដ៏ល្អមួយសម្រាប់ខ្លួនឯងតាមដែលអាចធ្វើបាន។ ខ្ញុំដឹងថាប្រសិនបើអ្នកក្រោកពីគេងរាល់ព្រឹក ហើយកំណត់ពេលវេលារបស់អ្នកដូចអ្វីដែលអ្នកដទៃរំពឹងទុក និងត្រូវការនោះ វានឹងធ្វើឲ្យអ្នកឆ្កួត» ។ ជាមួយការរៀបរាប់នេះលោកបានជម្រុញឲ្យមនុស្សគ្រប់គ្នាគួរផ្ដោតលើភាពត្រឹមត្រូវ និងបង្កើតអ្វីដែលថ្មីជាជាងធ្វើត្រាប់តាមអ្នកដទៃ។
លោកបានបន្តថា « កុំព្យាយាមធ្វើតាមមនុស្សដែលបានដើរផ្លូវមុនអ្នក ដើម្បីបដិសេធអ្វីៗគ្រប់យ៉ាង ក៏ដូចជាខំតម្រូវខ្លួនឯងទៅនឹងអ្វីដែលមិនសមនឹងយើង ព្រោះវានឹងចំណាយកម្លាំងស្មារតី និងការខិតខំច្រើន ដែលមិនបានទទួលតម្លៃស្មើនឹងការខិតខំកសាង។ ហើយអ្នកនឹងខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់អ្នក ដើម្បីធ្វើការផ្លាស់ប្ដូរគំនិតទាំងនោះរបស់អ្នក ហើយនៅក្នុងពេលនោះអ្នកនឹងមិនត្រូវបាននរណាម្នាក់បោកប្រាស់ឡើយ »៕
អត្ថបទ៖ លីនី


