យោងតាមការព្យាករណ៍របស់ Citibank កាលពីម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់នៅលើដីគោក អាចនឹងធ្វើការផ្លាស់ប្ដូរផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន ដែលធ្វើឲ្យបាត់បង់ការងារជាង ៣ លានកន្លែង បន្ទាប់ពីការតម្លើងពន្ធ ២៥% របស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន និងបាត់បង់ផលប្រយោជន៍ជាច្រើន។ ជាមួយគ្នានេះដែររបាយការណ៍ឲ្យដឹងថា ការនាំចេញរបស់ក្រុមហ៊ុនតៃវ៉ាន់មានចំនួនយ៉ាងហោចណាស់ ១០% នៃការនាំចេញសរុបរបស់ចិន ហើយក្រុមហ៊ុនតៃវ៉ាន់ចំនួន ៣៧ កន្លែង នៅក្នុងប្រទេសចិនស្ថិតនៅក្នុងបញ្ជីអ្នកនាំចេញធំបំផុតទៅកាន់អាមេរិក។ ប៉ុន្តែដោយសារដោយសារកំណើនប្រាក់ឈ្នួល និងចំណាយផ្សេង ៗ ទៀត ឧស្សាហកម្មដែលប្រើកម្លាំងពលកម្មច្រើនបានផ្លាស់ប្ដូរផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន។
បន្ថែមពីនេះ ការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគ Citibank ដោយផ្អែកលើការការផ្សាយពីក្រសួងពាណិជ្ជកម្មចិនចាប់ពីខែកញ្ញាឆ្នាំ ២០១៧ ក្រុមហ៊ុនតៃវ៉ាន់បានផ្តល់ការងារដល់ប្រជាជនប្រមាណ ១០ លាននាក់នៅលើដីគោកដោយមាន ៦០% នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ដែលធ្វើឲ្យការវិនិយោគកើនឡើងជាង ៦៦ ពាន់លានដុល្លារ។ ដោយក្រុមអ្នកវិភាគបានសន្មត់ថា ប្រហែល ៤០% នៃក្រុមហ៊ុនតៃវ៉ាន់ គ្រោងនឹងកែតម្រូវខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ និងផ្លាស់ប្ដូរផលិតកម្មចេញពីប្រទេសចិន ដែលធ្វើឲ្យបាត់បង់ការងារចំនួន ១,៧៧ លានទៅ ២,៩៥ លានក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនតៃវ៉ាន់ ដែលធ្វើការផ្លាស់ប្ដូរផលិតកម្មរបស់ខ្លួនពីប្រទេសចិន ភាគច្រើនជាក្រុមហ៊ុន ផលិតគ្រឿងអេឡិចត្រូនិច ឧបករណ៍អេឡិចត្រូនិក និងកុំព្យូទ័រ។ លើសពីនេះសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន បានពន្លឿនការផ្លាស់ប្តូរទីតាំងរបស់ក្រុមហ៊ុនជាច្រើន មិនមែនត្រឹមតែក្រុមហ៊ុនតៃវ៉ាន់ប៉ុណ្ណោះទេ ថែមទាំងក្រុមហ៊ុនមកពីតំបន់អឺរ៉ុប អាមេរិក កូរ៉េខាងត្បូង និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ផងដែរ។ ហើយចំពោះក្រុមហ៊ុនដែលពុំទាន់ធ្វើការផ្លាស់ប្ដូររបស់ខ្លួន ក៏កំពុងគិតពិចារណាយ៉ាងយកចិត្តទុកដាក់ពីមូលដ្ឋានផលិតកម្មរបស់ពួកគេដូចគ្នា៕
អត្ថបទ៖ លីនី


