រងព្យុះភ្លៀងពីអាមេរិកមែនពិត តែទីផ្សាររបស់ Huawei នៅថៃ នៅតែខ្លាំង កើនឡើងបាន ២០% ក្នុងឆ្នាំនេះ
សេដ្ឋកិច្ច July 5, 2019 Chan Sreyny

ចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសថៃនៅតែមិនទទួលរងការខូចខាត ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុន បើទោះបីជាមានរបាយការណ៍ផ្ទុយគ្នាដែលថាការលក់របស់ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក៏ដោយ។ ហើយចំណែកទីផ្សាររបស់ក្រុមហ៊ុននេះ នៅប្រទេសថៃបានកើនឡើងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០១៩ រហូតដល់ ២០% ដែលច្រើនជាងឆ្នាំមុនមានត្រឹមតែ ១៥% នេះបើយោងតាមការរាយការណ៍របស់លោក Ingmar Wang នាយកគ្រប់គ្រង Huawei ប្រចាំប្រទេសថៃ។

ប្រភពដដែលបានបន្តថា ក្រុមហ៊ុន Huawei គ្រោងនឹងបង្កើនពង្រីកទីផ្សារនៅថៃឲ្យបាន ៣០ ភាគរយនៅឆ្នាំនេះ ជាការផ្លាស់ប្តូរដ៏សំខាន់ដោយសារប្រទេសនេះជាទីផ្សារយុទ្ធសាស្រ្តនៅក្នុងតំបន់នេះ។ លើសពីនេះទៅទៀតក្រុមហ៊ុន Huawei នឹងនៅតែបើកដំណើរការផលិតផលថ្មីក្រោមប្រព័ន្ធប្រតិបត្តិការរបស់ Android ជាអាទិភាពទីមួយ និងមិនទាន់កំណត់ពេលវេលាសម្រាប់ការបង្ហាញខ្លួននៃប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនដែលកំពុងដំណើរការនៅឡើយនោះទេ។

បន្ថែមពីនេះលោកបាននិយាយថា « សង្រ្គាមពាណិជ្ជកម្មបានដោះស្រាយ ឬ យ៉ាងហោចណាស់មានលក្ខណៈស្ងប់ស្ងាត់ក្នុងពេលបច្ចុប្បន្ននេះ ទោះបីជាស្ថានភាពអាចផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ប៉ុន្តែអតិថិជនអាចជឿជាក់បានពីអាជីវកម្មរបស់ក្រុមហ៊ុន Huawei នឹងនៅតែបន្ត ហើយក្រុមហ៊ុន នឹងបន្តផ្តល់ជូនសុវត្ថិភាព និងសេវាកម្មទៅលើគ្រប់ផលិតផលទូរស័ព្ទស្មាតហ្វូន និងផលិតផលរបស់ក្រុមហ៊ុន Huawei ដែលត្រូវបានលក់ ឬ ដែលនៅតែមាននៅក្នុងហាងនៅទូទាំងពិភពលោក ខណៈពេលដែលមានពាក្យចចាមអារ៉ាមជាច្រើនអំពីផលិតផលរបស់ក្រុមហ៊ុន Huawei អស់រយៈពេលពីរបីខែកន្លងមកនេះ ប៉ុន្តែក្រុមហ៊ុនបានឆ្លើយតបភ្លាមៗដើម្បីបញ្ជាក់ផងដែរ »៕

អត្ថបទ៖ លីនី