អគារមួយនេះរបស់កូរ៉េខាងត្បូងជាប់ជាអគារ ដែលខ្ពស់បំផុតទី ៥ នៅលើពិភពលោក
អចលនទ្រព្យ July 5, 2019 Chan Sreyny

កាលពីដើមសប្ដាហ៍កន្លងទៅនេះអាគារ Lotte World Tower របស់កូរ៉េខាងត្បូងនៅក្នុងទីក្រុងសេអ៊ូលបានទទួលពានរង្វាន់ដ៏ល្បីល្បាញបំផុតរបស់ពិភពលោក The Emporis Skyscraper Award សម្រាប់ស្ថាបត្យកម្មដែលខ្ពស់ជាងគេបំផុត។ ខណៈពេលដែលនៅក្នុងពិភពលោកកំពុងមើលឃើញពីការរីកចំរើនដ៏ធំមួយ នៅក្នុងវិស័យសំណង់អាគារខ្ពស់ៗនៅក្នុងប្រទេសមួយចំនួនដូចជា ប្រទេសចិន អារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ Lotte World Tower ជាប់ជាអាគារដែលខ្ពស់ជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងអគារខ្ពស់បំផុតទី ៥ នៅលើពិភពលោកជាមួយលក្ខណៈពិសេសជាច្រើនដូចជា​ ប៉មដែលក្រាលដោយកញ្ចក់សម្រាប់មើលទេសភាពខ្ពស់បំផុតដែលត្រូវបានគេរំពឹងថា នឹងទាក់ទាញ ហើយទទួលបានភ្ញៀវទេសចរប្រហែល ៦០ លាននាក់ក្នុងមួយឆ្នាំ។ បន្ថែមពីនេះអាគារបំពាក់ដោយប្រព័ន្ធជណ្ដើរយន្តដែលមានល្បឿនលឿនបំផុតក្នុងពិភពលោកដែលត្រូវបានគេស្គាល់ថា Sky Shuttle ដែលអាចដឹកមនុស្សពីជាន់ទី ១ ទៅជាន់ទី ១២១ ដោយចំណាយពេលត្រឹមតែ ១នាទីបុណ្ណោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត Lotte World Tower អាចទប់ទល់នឹងខ្យល់ខ្លាំងដូចខ្យល់ព្យុះ Katrina (ប្រហែល ១៨០ ម៉ាយក្នុងមួយម៉ោង) ទៀតផង ។

គួរបញ្ជាក់ផងដែរថាអាគារដែលខ្ពស់បំផុតមួយនេះ ត្រូវបានសាងសង់ឡើងដោយ Lotte Property & Development Co Ltd ដោយការរចនាជាលក្ខណៈបុរាណ កាត់សម័យទំនើប ក្នុងឆ្នាំ ២០១១ ហើយត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងឆ្នាំ ២០១៧ ដែលមានកម្ពស់សរុប ៥៥៥ ម៉ែត្រ នឹង ១២៣ ជាន់ នៅលើផ្ទៃដីទំហំ ៥០៥,២៩៤ ម៉ែត្រការ៉េ ដោយចំណាយទឹកប្រាក់ប្រមាណ ៤.២ សែនកោដិវុន៕

អត្ថបទ៖ លីនី