ថៃជំរុញគម្រោងអភិវឌ្ឍន៍ ដើម្បីផ្លាស់ប្ដូរទីក្រុងចំនួន ១០០ របស់ខ្លួនឲ្យក្លាយទៅជាទីក្រុងទំនើបនៅឆ្នាំ ២០២២
សេដ្ឋកិច្ច July 4, 2019 Chan Sreyny

បាងកក៖ រដ្ឋាភិបាលថៃកំពុងដំណើរការដំណាក់កាលទីពីរនៃគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់ខ្លួន ដែលគ្របដណ្ដប់លើខេត្តចំនួន១៧ទូទាំងប្រទេសដូចជា Chiang Rai, Phitsanulok, Nan, Ubon Ratchathani, Udon Thani, Nong Khai, Nakhon Phanom, Mukdahan, Krabi, Phangnga, Songkhla, Yala, Pattani, Narathiwat, Satun, Nakhon Tham Thamat និង Ranong។ លើសពីនេះខេត្តនៅភាគឦសានចំនួនពីរទៀតគឺ Roi Et និង Nakhon Ratchasima ក៏ត្រូវបានដាក់សំណើរ ដើម្បីចូលរួមគម្រោងនេះផងដែរ។

ការផ្លាស់ប្ដូរទៅជាទីក្រុងឆ្លាតវៃ និងទំនើប ត្រូវអភិវឌ្ឍន៍ទៅលើប្រព័ន្ធជាច្រើនឲ្យកាន់តែទំនើបជាងមុនដូចជា សេដ្ឋកិច្ច ប្រព័ន្ធចល័ត ថាមពល ការរស់នៅ មនុស្ស អភិបាលកិច្ច និងបរិស្ថាន។ ជាពិសេសត្រូវកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ទិន្នន័យ ប្រព័ន្ធបច្ចេកវិទ្យា និងវប្បធម៌របស់ពួកគេ។ ហើយទីក្រុងដែលទទួលបានការផ្លាស់ប្ដូររួច នឹងទទួលបាននិមិត្តសញ្ញាទីក្រុងឆ្លាតវៃ និងទំនើបហើយក្លាយជាគោលដៅមួយក្នុងការវិនិយោគរបស់ក្រុមប្រឹក្សាវិនិយោគថៃ។

ជាមួយគ្នានេះដែរការកសាងទីក្រុងឆ្លាតវៃនៅទូទាំងប្រទេស គឺជាអាទិភាពរបស់រដ្ឋាភិបាលដែលធ្វើឲ្យទីក្រុងដែលមានស្រាប់ កាន់តែឆ្លាតវៃ និងល្អជាងមុន ជាមួយការរចនាសម័យទំនើប និងបច្ចេកវិទ្យាទំនើប។ ក្រៅពីនេះរដ្ឋាភិបាលថៃបានយល់ព្រមលើផែនការសកម្មភាពរបស់ក្រសួង Digital Economy and Society ដើម្បីទាក់ទាញបណ្តាប្រទេសដែលមិនមែនជាសមាជិកអាស៊ានឲ្យវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុងឆ្លាតវៃនៅក្នុងបណ្តាញទីក្រុងឆ្លាតវៃរបស់អាស៊ាន (ASCN) ។

គួរបញ្ចាក់ផងដែរថា កាលពីឆ្នាំមុនគម្រោងនេះត្រូវបានសាកល្បងនៅក្នុងខេត្តចំនួន ៧ គឺ Phuket, Chiang Mai, Khon Kaen, Bangkok, Chon Buri, Rayong and Chachoengsao រួចមកហើយដោយទទួលបានជោគជ័យ។ បន្ថែមពីនេះរដ្ឋាភិបាលថៃកំពុងត្រៀមដើម្បីសម្រេចបានទិសដៅនៃទីក្រុងឆ្លាតចំនួន ៣០ នៅក្នុងខេត្តចំនួន ២៤ នៅឆ្នាំ ២០១៩ ហើយសង្ឃឹមថានឹងផ្លាស់ប្តូរទីក្រុងចំនួន ១០០ នៅទូទាំងប្រទេសទៅកាន់ទីក្រុងឆ្លាតវៃនៅត្រឹមឆ្នាំ ២០២២ ខាងមុខនេះ៕

អត្ថបទ៖ លីនី