ភ្លេចៗត្រចៀក ចិនហក់ឡើងជិតតែក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ជាងគេទៅហើយ
សេដ្ឋកិច្ច July 3, 2019 Chan Sreyny

យោងតាមរបាយការណ៍ថ្មីចេញដោយការិយាល័យស្ថិតិជាតិកាលពីថ្ងៃចន្ទបានឲ្យដឹងថា ប្រាក់ចំណូលសរុបរបស់ប្រជាជនចិនក្នុងម្នាក់ៗ (GNI) បានកើនឡើងដល់ ៩,៧៣២ ដុល្លារ កាលពីឆ្នាំមុនពោល គឺកើនឡើងជាង ១០ ភាគរយពីឆ្នាំ ២០១៧ ។ ខណៈដែលធនាគារពិភពលោកបានចែងចំណាត់ថ្នាក់ប្រទេស ដែលមាន GNI ខ្ពស់ជាង ១២,៤៧៦ ដុល្លារ ជាប្រទេសដែលមានចំណូលខ្ពស់ជាងគេ ហើយ GNI នៃបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម គឺស្ថិតនៅចន្លោះពី ៤០៣៦ ដុល្លារ ដល់ ១២,៤៧៥ ដុល្លារ។

ដោយយោងតាមការចែងចំនាត់ថ្នាក់នេះ ប្រទេសចិនហាក់ដូចជាមានអាទិភាពជាងបណ្ដាប្រទេសដទៃទៀត ដែលមានចំណូលខ្ពស់ ហើយប្រសិនបើអត្រាកំណើនសេដ្ឋកិច្ចបច្ចុប្បន្ននៅតែមានស្ថេរភាព នោះប្រទេសចិននឹងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ជាងគេ ជាផ្លូវការនាពេលអនាគត។ បន្ថែមពីនេះប្រសិនបើយើងងាកទៅមើលចំនួនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកាលពីឆ្នាំ ១៩៥២ មានត្រឹមតែ ៦៧.៩ ពាន់លានយ័នតែប៉ុណ្ណោះ ហើយចំណូលសរុបរបស់ប្រជាជនម្នាក់ៗមានត្រឹមតែ ១១៩ យ័ន ដែលនេះជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់ប្រទេសចិនដែលអាចក្លាយជាប្រទេសដែលមានចំណូលខ្ពស់ជាងគេ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ GDP របស់ប្រទេសចិនបានឈានដល់ ៧០ សែនកោដិយ័ន រហូតដល់ ៩០ សែនកោដិយ័នជាបន្តបន្ទាប់ ហើយបានកើនឡើងដល់ ៩០.៣ សែនកោដិយ័ន ស្មើនឹង ១៣ កោដិលានដុល្លារ កាលពីឆ្នាំមុន ដែលស្មើនឹងប្រមាណ ១៦% នៃសេដ្ឋកិច្ចពិភពលោក៕

អត្ថបទ៖ លីនី