ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ពន្ធនៅលើការនាំចូលដែកថែបពីប្រទេសវៀតណាមរហូតដល់ ៤០០% ដោយសារតែការក្លែងបន្លំទំនិញរបស់ក្រុមហ៊ុនជំនួញមួយចំនួន ក្នុងការដឹកជញ្ជូនទំនិញពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីគេចពីការយកពន្ធ ដែលកាន់តែបង្កើនភាពតានតឹងបន្ថែមទៀតរវាងដៃគូពាណិជ្ជកម្មទាំងពីរនេះ។
យោងតាមការត្រួតពិនិត្យ ៣ លើកចំពោះដែកថែបវៀតណាម ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ផលិតផលមួយចំនួនដែលផលិតនៅប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការកែច្នៃបន្ថែម មុនពេលត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកដូចជា ដែករឹងប្រភេទ corrosion និងដែករមូរ។ ហើយមន្ត្រីគយត្រូវបានបញ្ជាឲ្យប្រមូលពន្ធក្នុងអត្រាខ្ពស់រហូតដល់ ៤៥៦.២៣% លើការនាំចូលផលិតផលដែកថែបដែលផលិតនៅវៀតណាម តែប្រើសម្ភារៈពីកូរ៉េខាងត្បូង និងតៃវ៉ាន់។ ដោយឡែកទាក់ទិននឹងករណីនេះ ក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបភ្លាមៗទៅនឹងការសុំបំភ្លឺឡើយ។
លោក Robert Carnell ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ធនាគារ ING បាននិយាយថា វាមិនមែនរឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលក្រុមហ៊ុនជាច្រើនព្យាយាមបញ្ជូនផលិតផលតាមបណ្តាប្រទេសនានា ដូចជាប្រទេសវៀតណាម ដើម្បីគេចពីការដាក់ពន្ធខ្ពស់។ លោកបានបន្តថា « វាជាធម្មជាតិរបស់មនុស្ស នៅពេលដែលអ្នកបង្កើនតម្លៃកាន់តែខ្ពស់ មនុស្សនឹងព្យាយាមរកគ្រប់វិធី ដើម្បីជៀសវាង »។ យ៉ាងណាមិញសហរដ្ឋអាមេរិកកំពុងតែបង្កើនវោហាសាស្ត្ររបស់ខ្លួន ប្រឆាំងនឹងវៀតណាមដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ ហើយក៏ជាអ្នកដែលទទួលបានផលប្រយោជន៍យ៉ាងច្រើនពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនផងដែរ។
បន្ថែមពីនេះ ប្រទេសវៀតណាមនិយាយថា ខ្លួនកំពុងធ្វើការដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយក៏កំពុងបង្ក្រាបរោងចក្រចិន ដែលកំពុងបញ្ជូនទំនិញរបស់ខ្លួនតាមរយៈប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក បញ្ចៀសពីការដាក់ពន្ធអាករ។ លើសពីនេះស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយបាននិយាយនៅសប្តាហ៍នេះថា ខ្លួនកំពុងចរចាជាមួយអាជ្ញាធរហើយសង្ឃឹមថា ប្រទេសវៀតណាមនឹងចាត់វិធានការក្នុងរយៈពេលខ្លី ដើម្បីដោះស្រាយបញ្ហានេះដោយការលើកឡើងនូវគំនិតណាមួយ៕
អត្ថបទ៖ លីនី


