វៀតណាម៖ បន្ទាប់ពីក្លាយជាអ្នកនាំផ្លែគូលែនចេញធំបំផុតលំដាប់ទី ២ នៅលើពិភពលោក រហូតមកទល់ពេលនេះកសិករនៅខេត្ត Bac Giang រកប្រាក់ចំណូលបាន ៦.១ សែនកោដិដុង (២៦២,៣ លានដុល្លារ) ពីការលក់ផ្លែគូលែនក្នុងឆ្នាំនេះ ដែលកើនលើសពីការកំណត់ទុក ត្រឹមរយៈពេល ៦០ឆ្នាំកន្លងមក។ ខណៈដែលដែលប្រាក់ចំណូលសរុបប្រចាំខេត្តនេះពីការលក់ផ្លែគូលែនកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺក្នុងឆ្នាំ ២០១៦ ប្រាក់ចំណូលសរុប ៥ សែនកោដិដុង ហើយ ៥.៣ សែនកោដិដុងក្នុងឆ្នាំ ២០១៧ និង ៥.៨ សែនកោដិដុង នៅឆ្នាំ ២០១៨។
លោក Bui Van Canh ជាឈ្មួញជួញដូរផ្លែគូលែនម្នាក់បានប្រាប់ឲ្យដឹងថា ផ្លែគូលែននៅក្នុងខេត្តលក់បានក្នុងតម្លៃខ្ពស់ នៅក្នុងឆ្នាំនេះ ហើយកសិករមិនចាំបាច់យកទៅលក់នៅផ្សារទៀតនោះទេ គឺឈ្មួញបានចុះមកទិញដល់ចំការតែម្ដង។ ជាមួយគ្នានេះដែរទិន្នផលផ្លែគូលែននៅខេត្ត Bac Giang ក្នុងឆ្នាំនេះបានកើនឡើងជាង ៩០,០០០ តោន ដែលមានតម្លៃចាប់ពី ៣០,០០០ ទៅ ៥០,០០០ ដុង (១.២៩ ទៅ ២.១៥ ដុល្លារអាមេរិក) ដែលមានតម្លៃ ៨០,០០០ដុង (៣.៤៤ដុល្លារ) ក្នុងមួយគីឡូក្រាម។
បន្ថែមពីនេះទៅទៀត កសិករអាចរកប្រាក់ចំណូលបានរាប់រយលានដុង ពីការដាំផ្លែគូលែនដោយប្រើជីសេរីរាង្គដែលលក់បានក្នុងតម្លៃខ្ពស់រហូតដល់ ២០០,០០០ ដុងក្នុងមួយប្រអប់ដែលបិទតែមពីលើហើយមានតែគូលែន ១០ផ្លែប៉ុណ្ណោះ។ លើសពីនេះដោយសារគុណភាពផ្លែគូលែនល្អដាច់គេ ទើបធ្វើឲ្យកសិករទទួលបានប្រាក់ចំណេញច្រើនជាង បើទោះបីជាទិន្នផលទាបជាងកាលពីឆ្នាំមុនក៏ដោយ។
គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះការលក់ផ្លែគូលែនទៅកាន់ប្រទេសចិនមានប្រហែល ៥ ម៉ឺនតោន ហើយឥឡូវនេះកំពុងជួបប្រទះការខ្វះខាតផ្លែគូលែនទៅឲ្យឈ្មួញចិននៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។ ដោយត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសចំនួន ៣០ ដែលភាគច្រើនការនាំចេញទៅកាន់ប្រទេសចិន ៩០% នៃទីផ្សារសរុប និងទីផ្សារមួយចំនួនដូចជាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក រុស្ស៊ី កាណាដា និងជប៉ុន៕
អត្ថបទ៖ លីនី


