ផ្សារទំនើបនៅថៃជាច្រើន ចាប់ផ្ដើមគិតលុយពីអតិថិជន ដែលប្រើប្រាស់ថង់ផ្លាស្ទិក
អាជីវកម្ម July 3, 2019 Chan Sreyny

ក្រុមហ៊ុន Mall Group ដែលជាក្រុមហ៊ុនដំណើរការហាងលក់ទំនិញជាច្រើន និងឈានមុខគេមួយនៅទីក្រុងបាងកករួមមាន Bluport នៅហួហ៊ីន នឹងចាប់ផ្ដើមធ្វើការគិតប្រាក់ពីលើអតិថិជនណាដែលប្រើប្រាស់ថង់ប្លាស្ទិកក្នុងការវេចខ្ចប់ទំនិញក្នុងតម្លៃ ១បាត ចាប់ពីថ្ងៃនេះតទៅ ដើម្បីប្រារព្ធទិវា​គ្មានថង់ផ្លាស្ទិកអន្តរជាតិ ( International Plastic Bag Free Day) ដែលគេនឹងកំណត់យកថ្ងៃទី៣ ខែកក្កដានេះ។

គួរឲ្យដឹងផងដែរថាក្រុមហ៊ុន Mall Group គឺជាក្រុមហ៊ុនលក់រាយដំបូងគេបង្អស់របស់ប្រទេសថៃ ដែលបានចាប់ផ្ដើមអនុវត្តគោលការណ៍នេះ ដើម្បីលើកទឹកចិត្តអតិថិជនរបស់ពួកគេបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាចំណែកមួយក្នុងការចូលរួមជួយកាត់បន្ថយបរិស្ថាន។ លើសពីនេះទៅទៀតការអនុវត្តគោលការណ៍ថ្មីនេះនឹងដាក់ប្រកាសនៅតំបន់ Ngam Wong Wan និង Bangkapi នៅក្នុងទីក្រុង និងហាងទំនិញធំៗបំផុតរបស់ Mall Group ដូចជា Emporium Paragon Emquartier និង Bluport នៅហួហ៊ីន ដោយប្រាក់ដែលបានពីការផាកពិន័យនេះនឹងត្រូវប្រគល់ជូនមូលនិធិសត្វព្រៃពិភពលោកនៅប្រទេសថៃ។

ទន្ទឹមនឹងនេះក្រុមហ៊ុន Tesco Lotus ក៏បានចូលរួមចំណែកជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ ដោយកំពុងតែព្យាយមបញ្ឈប់ការប្រើថង់ប្លាស្ទិកនៅហាងក្នុង ៣ តំបន់ដូចជា កោះឆាង ត្រាត និងភាគខាងកើតប្រទេសថៃ ប៉ុន្តែការអនុវត្តនេះមានតែ ៨ សាខាប៉ុណ្ណោះក្នុងចំណោមសាខាចំនួន ២,០០០ កន្លែងនៅទូទាំងប្រទេសថៃ។ ទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុន Tesco Lotus នូវតែបន្តគោលការណ៍បញ្ឈប់ការប្រើប្រាស់ថង់ផ្លាស្ទិករៀងរាល់ ៤ខែ ម្ដង នៅតាមហាងទាំងអស់របស់ពួកគេ ដែលអាចអះអាងថាបានកាត់បន្ថយការប្រើប្រាស់ថង់រាប់លាន។

គួរបញ្ជាក់ផងដែរថា គ្រប់បណ្ដាហាងទំនិញ និងភោជនីយដ្ឋាននៅក្នុងផ្សារទំនើបទាំងអស់ នឹងត្រូវដាក់ឲ្យអនុវត្តគោលការណ៍ថ្មីនេះ បើយោងតាមការរាយការណ៍របស់សារព័ត៌មាន Daily News។ ដោយឡែកក្រុមហ៊ុន Mall Group និង ក្រុមហ៊ុន Tesco Lotus នៅតែជាអ្នកដែលចូលរូមចំណែកក្នុងការអនុវត្តគោលការណ៍ថ្មីនេះដ៏ធំធេងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងប្រទេសថៃ៕

អត្ថបទ៖ លីនី