សេវាកម្មបាញ់ថ្នាំលើស្រែចំការ ដោយប្រើ Drone របស់កសិករថៃម្នាក់ កំពុងត្រូវប៉ាន់យ៉ាងខ្លាំង
អាជីវកម្ម July 3, 2019 Chan Sreyny

ថៃ៖ វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលកាលពីមួយខែមុននេះកសិករក្នុងស្រុកម្នាក់បានប្រើប្រាស់ drone មកកែច្នៃដើម្បីបាញ់ថ្នាំទៅលើវាលស្រែរបស់គាត់។ ហើយបច្ចុប្បន្នអាជីវកម្មថ្មីរបស់គាត់នេះកំពុងតែដំណើរការ ដោយសារតែការផ្ដល់សេវាកម្មដល់អ្នកជិតខាងដែលកំពុងប្រឈមនឹងបញ្ហាកង្វះពលកម្ម និងប្រាក់ឈ្នួលផងដែរ។

លោក Metarawit Duangkul អាយុ ៣០ឆ្នាំ ដែលមានការងារជាមន្រ្តីរដ្ឋាភិបាលក្នុងស្រុក ប៉ុន្តែគ្រួសាររបស់លោក គឺគ្រួសារកសិករហើយប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្មដើម្បីជួយដល់ដំណាំដែលមានផ្ទៃសរុបរហូតដល់ ១៦ ហិកតា​។ ដូច្នេះគាត់បានស្វែងរកប្រាក់កម្ចីហើយទិញ drone ដែលចំណាយអស់ប្រាក់ ២៥០,០០០ បាត ដើម្បីដោះស្រាយបញ្ហា និងជួយសម្រាលបន្ទុកឲ្យម្ដាយរបស់គាត់ ដោយ drone អាចផ្ទុកបាន ១០ លីត្រក្នុងមួយជើង ហើយជើងហោះហើរនីមួយៗអាចបាញ់ថ្នាំបានប្រមាណ ១ ហិកតា​។

បន្ថែមពីនេះលោកក៏បានទទួលការបណ្តុះបណ្តាលក្នុងការប្រើប្រាស់ថ្នាំបាញ់គីមី ហើយបន្ទាប់មកបានប្រើប្រាស់ drone ដើម្បីបាញ់ជី ថ្នាំសម្លាប់សត្វល្អិត ទៅក្នុងស្រែរបស់គាត់។ បន្ទាប់មកអ្នកជិតខាងរបស់គាត់បានចាប់អារម្មណ៍ហើយបានជួលគាត់ឱ្យបាញ់ថ្នាំភ្លាមៗ ហើយដំណឹងនេះបានល្បីរន្ទឺ រហូតដល់កសិករដទៃទៀតនៅភីជីត និងតំបន់ក្បែរនោះកំពុងស្វែងរកការផ្តល់សេវារបស់គាត់។ ដោយគិតថ្លៃឈ្នួលនៃការបាញ់ថ្នាំនេះ ៥៩ បាតក្នុងទំហំផ្ទៃដី ១៦០០ ម៉ែត្រការ៉េ ដោយមិនរាប់បញ្ចូលថ្លៃថ្នាំ។

លោក Metarawit បានប្រាប់ឲ្យដឹងថា « ក្នុងការបាញ់ថ្នាំទៅលើដីស្រែ ឬ ចំការនីមួយៗចំណាយពេលត្រឹមតែ ២ ទៅ ៣ នាទីតែប៉ុណ្ណោះ ដូច្នេះវាក្លាយជាការងារក្រៅផ្លូវការ នៅពេលល្ងាច និងថ្ងៃបុណ្យ បន្ថែមពីការងារជាលេខាធិការនៃជំនួយការអភិបាលខេត្ត ហើយខ្ញុំក៏ផ្តល់ដំបូន្មានដល់អតិថិជនអំពីការធ្វើកសិកម្មសរីរាង្គ និងការកាត់បន្ថយការប្រើប្រាស់សារធាតុគីមីផងដែរ »៕

អត្ថបទ៖ លីនី