វៀតណាមខាតបង់ជាង១០០ លានដុល្លារអាមេរិក ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិក
សេដ្ឋកិច្ច July 2, 2019 Chan Sreyny

សត្វជ្រូកប្រមាណជា ៤១៤,០០០ក្បាល ដែលមានជំងឺនៅឯទីក្រុងហាណូយត្រូវបានគេសម្លាប់ចោល ដោយធ្វើឱ្យទីក្រុងនេះខាតបង់ទឹកប្រាក់ចំនួន ១ទ្រីលានដុង (៤៣លានដុល្លារ) និងខាតបង់រហូតដល់ទៅ ១៥៤.៧៧លានដុល្លារ នៅទូទាំងប្រទេសផ្ទាល់។ លោក Chu Phu My ប្រធាននាយកដ្ឋានកសិកម្ម និងអភិវឌ្ឈន៍ជនបទរបស់ហាណូយបាននិយាយថា ការខាតបង់ទាំងនោះរួមបញ្ចូលថ្លៃឈ្នួលសម្រាប់ការកំចាត់ជ្រូកឆ្លងជំងឺ សារធាតុគីមីអនាម័យ និងវិធានការបង្ការការរីករាលដាលផ្សេងៗទៀត។ ជំងឺគ្រុនជ្រូកអាហ្រ្វិកបានវាយលុកដល់ទីក្រុងហាណូយនៅដើមខែមីនា ហើយបានរីករាលដាលដល់ស្រុកចំនួន ២៤ ក្នុងចំណោម ២៩ ។

ក្រោមបទបញ្ជានាពេលថ្មីៗនេះ អាជ្ញាធរមូលដ្ឋានត្រូវបង់ប្រាក់មួយចំនួនទៅដល់គ្រួសារម្ចាស់ជ្រូក ដែលជ្រូករបស់ពួកគេត្រូវយកទៅសម្លាប់ចោលដោយផ្អែកលើទម្ងន់របស់វា ហើយការបង់ប្រាក់នឹងត្រូវផ្ដល់ជូនក្នុងរយៈពេលមួយសប្ដាហ៍។ ទោះបីជាយ៉ាងណាក៏ដោយនៅពាក់កណ្តាលខែមិថុនា ស្រុកជាច្រើនដូចជា៖ Ung Hoa, Quoc Hoai, Thach That និង Soc Son កញ្ចប់ថវិកាបំរុងដើម្បីទូទាត់សំណងលើកសិដ្ឋានដែលរងផលប៉ះពាល់ ត្រូវបានចាយអស់មុនកំណត់។

ទីក្រុងហាណូយបានសម្លាប់សត្វជ្រូកប្រមាណ ១០,០០០ក្បាល ដែលឆ្លងជំងឺជារៀងរាល់ថ្ងៃកាលពីសប្ដាហ៍មុន ខណៈដែលកាលពីសប្ដាហ៍មុនមួយទៀត គឺមានតែ ៦,០០០ក្បាល/ថ្ងៃ ប៉ុណ្ណោះ។ យោងតាមគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានឱ្យដឹងថា ជំងឺនេះបានរីករាលដាលដល់កសិដ្ឋានដែលគ្រប់គ្រងដោយគ្រួសារជាង ២៣,៣០០គ្រួសារ ឬ ៣០% នៃគ្រួសារកសិករទាំងអស់នៅក្នុងទីក្រុង។ ជ្រូកចំនួន ១.៩លានក្បាល ត្រូវបានចិញ្ចឹមនៅក្នុងទីក្រុងហាណូយ ដែលជាហ្វូងជ្រូកធំបំផុត ទី២ របស់ប្រទេស បន្ទាប់ពីខេត្ត Dong Nai ដែលមានចំនួនប្រហែល ២.៥លានក្បាល។

ខេត្ត/ក្រុងចំនួន ៦០ នៃខេត្ត/ក្រុងទាំង ៦៣ នៅទូទាំងវៀតណាមបានឆ្លងរាលដាលនៃជំងឺនេះ ហើយមានតែខេត្ត Ninh Thuan, ក្រុង Tay Ninh និងខេត្ត Ben Tre ប៉ុណ្ណោះដែលមិនទាន់រងការផ្ទុះឡើងនៃជំងឺនេះ។ គិតមកទល់ពេលនេះសត្វជ្រូកចំនួនជាង ២.២លានក្បាល ត្រូវបានសម្លាប់ចោលដែលបណ្តាលឱ្យមានការខាតបង់យ៉ាងហោចណាស់ ៣.៦ទ្រីលានដុង (១៥៤.៧៧លានដុល្លារ)។ ជំងឺគ្រុនជ្រូកអាហ្រ្វិកដំបូងបានលេចឡើងនៅភាគខាងជើងវៀតណាមកាលពីដើមខែកុម្ភៈ និងបានរីករាលដាលយ៉ាងឆាប់រហ័សឆ្លងកាត់តំបន់ភាគខាងជើង និងកណ្តាល មុនពេលឈានដល់ភាគខាងត្បូងនៅខែឧសភា៕

អត្ថបទ៖​ លីដា