លោក Howard Schultz ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏ល្បីល្បាញមួយរូប និងជានាយកប្រតិបត្តិក្រុមហ៊ុន Starbucks ដែលជាក្រុមហ៊ុនកាហ្វេដ៏ធំបំផុត និងទទួលបានជោគជ័យមួយនៅលើពិភពលោក។ នៅក្នុងការចាប់ផ្ដើមអាជីពរបស់លោកតាំងពីជីវិតក្រីក្រតោកយ៉ាក រហូតអាចរកប្រាក់បានរាប់ពាន់ដុល្លារក្លាយជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិ ៣ ពាន់លានដុល្លារ ព្រមទាំងបានបង្កើតការងារជាង ៣០០,០០០ សម្រាប់មនុស្សនៅទូទាំងពិភពលោក។ ជុំវិញជោគជ័យទាំងអស់នេះ លោកបានផ្ដល់ និងចែករំលែកនូវបទពិសោធន៍ជាច្រើនដល់មនុស្សជំនាន់ក្រោយ ជាពិសេសបុគ្គលិករបស់លោកផ្ទាល់តាមរយៈសម្ដីក្នុងការបំផុសគំនិតដូចជា៖
១.« ខ្ញុំជឿជាក់ថា មនុស្សភាគច្រើនអាចសម្រេចក្ដីសុបិន្ត និងរឿងជោគជ័យជាច្រើន ប្រសិនបើពួកគេតាំងចិត្តក្នុងការព្យាយាមដើម្បីសម្រេចរឿងទាំងនោះ »។
២.« ប្រសិនបើអ្នកមានក្ដីស្រម៉ៃតូចមួយ អ្នកអាចទទួលបានជោគជ័យក្នុងការសម្រេចបានរឿងតូចមួយ វាអាចនឹងគ្រប់គ្រាន់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែប្រសិនបើអ្នកចង់សម្រេចបានកិច្ចការដ៏ធំមួយ និងទទួលបានគុណតម្លៃខ្ពស់ អ្នកត្រូវអង់អាចក្លាហាន និងមោះមុត »។
៣.« ភាពជោគជ័យនឹងមិនមានន័យទេ ប្រសិនបើអ្នកអាចបញ្ចប់ហើយទទួលបានតែម្នាក់ឯង ផ្ទុយទៅវិញរង្វាន់ដែលល្អបំផុតគឺត្រូវក្លាយជាអ្នកឈ្នះ ក្នុងចំណោមអ្នកឈ្នះ » ។
៤.« ក្នុងនាមជាអ្នកដឹកនាំជំនួញមួយ មិនមែនដើម្បីស្វែងរកតែភាពជោគជ័យ និងដើម្បីតែរកប្រាក់នោះទេ តែដើម្បីការកសាងក្រុមហ៊ុនដ៏រឹងមាំ និងយូរអង្វែងមួយ មានន័យថាធ្វើអោយមានតុល្យភាពរវាងប្រាក់ចំណេញ និងមនសិការក្នុងសង្គម »។
៥.« អ្នកត្រូវមានភាពច្បាស់លាស់ និងត្រឹមត្រូវ ហើយអ្នកត្រូវជឿជាក់ក្នុងចិត្តថា រឿងនេះត្រូវតែមាន »។
អត្ថបទ៖ លីនី


