គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅតំបន់ភាគឦសាន នឹងធ្វើឡើងនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី
សេដ្ឋកិច្ច July 2, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះ​រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការសិក្សាគម្រោងសាងសង់អាកាសយានដ្ឋាននៅតាមខេត្តភាគឦសានរួមមាន ខេត្តមណ្ឌលគិរី រតនគិរី ដើម្បីសម្របសម្រួលការធ្វើដំណើររបស់អ្នកទេសចរណ៍ និងធ្វើឲ្យខេត្តភាគឦសានក្លាយជាមជ្ឈមណ្ឌលទាក់ទាញដ៏សំខាន់មួយនៅក្នុងប្រទេស។ ជាក់ស្ដែងរដ្ឋបាលខេត្តមណ្ឌលគិរីបានកំណត់ដីទំហំ ៣០០ ហិកតាសម្រាប់ការសាងសង់ព្រលានយន្តហោះថ្មី ដែលស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី នេះបើយោងតាមការបញ្ជាក់ពីរដ្ឋលេខាធិការអាកាសចរស៊ីវិល។

គួរឲ្យដឹងផងដែរថាសម្រាប់គម្រោងសាងសង់នេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តភាគឦសាន ហើយនឹងត្រូវប្រើប្រាស់សម្រាប់តែការធ្វើដំណើរក្នុងស្រុកប៉ុណ្ណោះ ដោយព្រលានយន្តហោះថ្មីនេះនឹងមានផ្លូវរត់ប្រវែង ១៨០០ ម៉ែត្រ។ បន្ថែមពីនេះការចំណាយលើការសាងសង់គឺជាបន្ទុករបស់រដ្ឋ ប៉ុន្តែមិនមានតួលេខច្បាស់លាស់ណាមួយអាចបញ្ជាក់បានឡើយព្រោះមិនទាន់ដំណើរការសាងសង់ ហើយចំពោះរយៈពេលអាចនឹងខ្ទង់ ៥ ឆ្នាំសម្រាប់ការសាងសង់៕

អត្ថបទ៖ លីនី