យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានឱ្យដឹងថា តម្លៃនៃការនាំចេញផលិតផលឈើ និងឈើបានឈានដល់ជិត ៥ ពាន់លានដុល្លារ ក្នុងឆមាសទី១នៃឆ្នាំ ២០១៩ ដោយការនាំចេញនេះភាគច្រើននាំចេញទៅសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏សំខាន់របស់វៀតណាម ហើយនៅក្នុងខែឧសភាកន្លងទៅនេះ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានរហូតដល់ ៤៥% នៃចំនួនសរុប។ ជាមួយគ្នានេះដែរចំណូលសរុបពីការដឹកជញ្ជូនផលិតផលព្រៃឈើនៅក្រៅប្រទេសក្នុងឆមាសទី១នៃឆ្នាំនេះ បានឈានដល់ប្រហែល ៥.៣ ពាន់លានដុល្លារដែលជាការកើនឡើងប្រចាំឆ្នាំជិត ២០%។
ប្រភពដដែលបានបន្តថា សហរដ្ឋអាមេរិក ជប៉ុន សហព័ន្ធអ៉ឺរ៉ុប ចិន និងសាធារណរដ្ឋកូរ៉េ នៅតែជាអ្នកនាំចូលផលិតផលព្រៃឈើរបស់វៀតណាមច្រើនបំផុតដែលមានចំនួន ៨៧% នៃការនាំចេញសរុបរបស់ឧស្សាហកម្មនេះ។ ហើយរហូតមកទល់ពេលនេះ វៀតណាមបានរក្សាជំហររបស់ខ្លួនជាអ្នកនាំមុខគេនៃផលិតផលព្រៃឈើនៅអាស៊ី ដែលជាប្រទេសនាំមុខគេលំដាប់ទី២ នៅអាស៊ី និងជាប្រទេសលំដាប់ទី៥ នៅលើពិភពលោក។
គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនវៀតណាមរកចំណូលបាន ៩.៣ ពាន់លានដុល្លារពីការដឹកជញ្ជូនផលិតផលព្រៃឈើទៅបរទេស ហើយនៅឆ្នាំនេះនឹងរំពឹងថាចំណូលនឹងកើនឡើងដល់ ១០.៥ ពាន់លានដុល្លារ។ បន្ថែមពីនេះបច្ចុប្បន្នវៀតណាមជាទីស្នាក់ការរបស់សហគ្រាសចំនួន ៤៥០០កន្លែង ដែលមានឯកទេសក្នុងការកែច្នៃ និងនាំចេញផលិតផលឈើ និងព្រៃឈើ រួមមានក្រុមហ៊ុនវិនិយោគបរទេសជាង ៧០០ ដែលសុទ្ធសឹងតែជាជាផលិតកម្មធន់ធំ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ៕
អត្ថបទ៖ លីនី


