អស្ចារ្យណាស់! ឥណ្ឌូនេស៊ី នឹងមានរថភ្លើងដើរដោយថាមពលអ៉ីដ្រូសែនដំបូងគេបង្អស់នៅក្នុងអាស៊ី
សេដ្ឋកិច្ច July 1, 2019 Chan Sreyny

នេះអាចជាការបោះជំហាននាំមុខគេមួយរបស់ប្រទេសឥណ្ឌូនេស៊ី ដែលនឹងមានរថភ្លើងដើរដោយថាមពលអ៉ីដ្រូសែនដំបូងគេបង្អស់នៅអាស៊ី ដោយក្រុមហ៊ុន PT KAI​ បានប្រគល់អនុស្សរណៈយោគយល់គ្នា ទៅឲ្យក្រុមហ៊ុន ALSTOM របស់អាល្លឺម៉ង់នៅក្នុងកិច្ចប្រជុំនៅទីក្រុងបែរឡាំងជាមួយគ្នានេះដែរឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំសាធារណរដ្ឋអាល្លឺម៉ង់ ដែលបានចូលរួមកិច្ចប្រជុំនេះបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការរវាង PT KAI និង ALSTOM ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការថ្មីរវាងឥណ្ឌូនេស៊ី និងអាល្លឺម៉ង់សម្រាប់ឧស្សាហកម្មបរិស្ថាន។

គួរបញ្ជាក់ផងដែរថា រថភ្លើងដើរដោយថាមពលអ៉ីដ្រូសែននេះមានឈ្មោះថា Coradia iLint ត្រូវបានបង្កើតឡើងដោយ Alstom ជាក្រុមហ៊ុនពហុជាតិបារាំងជាមួយនឹង ការផ្តល់មូលនិធិពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដោយការចំណាយលើការវិនិយោគមានតម្លៃថោកជាង រថភ្លើងដែលប្រើដោយម៉ាស៊ូត។ បន្ថែមពីនេះទៅទៀតម៉ាស៊ីនរបស់វា​ស្ងាត់ល្អ នៅពេលធ្វើដំណើរ ដោយមិនមានសម្លេងរំខាននៃម៉ាស៊ីនរថភ្លើង ហើយអាចរត់បានក្នុងល្បឿនលឿនបំផុត ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចផ្ទុកអ្នកដំណើរបាន ១៥០នាក់។

លើសពីនេះទៅទៀត រថភ្លើងដែលប្រើថាមពលអ៉ីដ្រូសែននេះ មិនមានផលប៉ះពាល់ដល់បរិស្ថាននោះទេ ដោយប្រតិបត្តិការរថភ្លើងនេះប្រើប្រព័ន្ធអេឡិចត្រូនិចពីការបញ្ចូលគ្នានៃអ៉ីដ្រូសែន និងអុកស៊ីសែន។ ជាពិសេសវត្ថុធាតុដើមចម្បងដែលត្រូវប្រើគឺ អ៉ីដ្រូសែន ពីជីវម៉ាស ឬ ប្រភពថាមពលដែលអាចទ្រាំទ្របានយូរ ហើយជាមួយនឹងបច្ចេកវិទ្យានេះការបំភាយឧស្ម័នបញ្ចេញចោល គឺជាទឹក៕

អត្ថបទ៖ លីនី