តារាចម្រៀងប៉ុប Rihanna ជាតារាដ៏ល្បីល្បាញមួយរូបរបស់អាមេរិក ដែលបានឈ្នះពានរង្វាន់ Grammy ចំនួន ៩ដង ហើយត្រូវបានជាប់ឈ្មោះក្នុងចំណោមស្រ្តីវ័យក្មេង ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាមេរិក ចុះផ្សាយដោយទស្សនាវត្តី Forbes ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៦០០ លានដុល្លារ។ ចំពោះទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ មិនមែនបានមកពីអាជីពជាតារាចម្រៀងនោះទេ ប៉ុន្តែបានមកពីការសហការគ្នាក្នុងការធ្វើជំនួញរបស់នាងជាមួយ LVMH ដោយបើកហាងតុបតែងមុខមានឈ្មោះថា Fenty Beauty ដែលអាចរកប្រាក់ចំណូល បានចំនួន ៧២ លានដុល្លារ នៅដើមឆ្នាំ ២០១៧ និងប្រហែល ៥៧០ លានដុល្លារ នៅចុងឆ្នាំ ២០១៨។
ថ្វិត្បិតតែតារាស្រីអាយុ ៣១ ឆ្នាំរូបនេះអាចរកប្រាក់បានច្រើន និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក៏ដោយ នាងមិនមានគំរោងបោះបង់ចោលការងារនោះទេដោយនាងបាននិយាយថា « ខ្ញុំមិនដែលគិតថាអាចរកប្រាក់បានច្រើននោះទេ ដូច្នេះចំនួនទឹកប្រាក់មិនអាចបញ្ឈប់ខ្ញុំពីការធ្វើការងារឡើយ ហើយខ្ញុំនឹងបន្តធ្វើអ្វីដែលខ្ញុំចូលចិត្ត និងស្រលាញ់ »។ បន្ថែមពីនេះនាងបានគិតថា លុយមិនមែនជាកត្តាជំរុញឲ្យនាងបន្តអាជីពនោះទេ តែមានតែប្រាក់ចំណេញតែមួយគត់ ព្រោះវាបង្កើតឪកាសជាច្រើនដល់នាង ហើយលុយគ្រាន់តែអាចធ្វើឲ្យនាងថែរក្សាគ្រួសារ និង ជួយដល់ការធ្វើអាជីវកម្មដែលនាងចង់ធ្វើតែប៉ុណ្ណោះ។
លើសពីនេះទៅទៀតនាងក៏បានយល់ឃើញថា លុយដែលនាងរកបានមិនមែនជារបស់នាងនោះទេ នាងតែងតែគិតថានាងអាចជួយអ្នកដទៃទៀតបាន ដោយបង្កើតការងារផ្សេងៗ។ ជាក់ស្ដែង Rihanna បានបង្កើតមូលនិធិ Clara Lionel ក្នុងឆ្នាំ ២០១២ ដើម្បីជួយកែលំអគុណភាពអប់រំ និងការថែទាំសុខភាពសម្រាប់កុមារនៅក្នុងសហគមន៍ក្រីក្រ ដែលទាំងនេះហើយជាមូលហេតុធ្វើឲ្យនាងនៅតែបន្តការងាររបស់នាង ទោះបីជានាងមានប្រាក់ច្រើនយ៉ាងណាក៏ដោយ៕
អត្ថបទ៖ លីនី


