ខ្លាចខាតប្រយោជន៍ក្រោយត្រូវអាមេរិកព្រមានដាក់ពន្ធ ឥលូវវៀតណាមប្ដេជ្ញាធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌
សេដ្ឋកិច្ច June 29, 2019 Chan Sreyny

ទីក្រុងហាណូយ៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានដាក់ពន្ធលើទំនិញរបស់វៀតណាម ដែលជាអ្នកនាំចេញដ៏សំខាន់ទៅកាន់អាមេរិកនោះ វៀតណាមបានប្ដេជ្ញាថា នឹងធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌ ជាមួយសហរដ្ឋអាមេរិក។ ការប្ដេជ្ញានេះត្រូវបានធ្វើឡើង ដើម្បីព្យាយាមទប់ទល់នឹងភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក បន្ទាប់ពីលោក ត្រាំ បានចាត់ទុកវៀតណាមជាអ្នកដែលរំលោភបំពាន ដ៏សំងាត់បំផុតរបស់មនុស្សគ្រប់គ្នា ដោយសារការកើនឡើងនៃការនាំចេញផលិតផលទៅកាន់សហរដ្ឋអាមេរិក និងទទួលបានផលប្រយោជន៍ជាច្រើនពីសង្គ្រាមពាណិជ្ជកម្មអាមេរិកនិងចិន។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាលពីម្សិលមិញនេះ បានប្រាប់ឲ្យដឹងថា វៀតណាមបានព្យាយាមទប់ទល់នឹងភាពតានតឹងដោយនិយាយថា « ខ្លួនមានការប្តេជ្ញាចិត្តចំពោះពាណិជ្ជកម្មសេដ្ឋកិច្ច និងទំនាក់ទំនងវិនិយោគនៅក្នុងទិសដៅ នៃសេរីភាព និងយុត្តិធម៌លើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក »។ ហើយខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលើកកម្ពស់តុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានកើនឡើងដល់ជិត ៤០ ពាន់លានដុល្លារ កាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹងប្រទេសចិនក្នុងទំហំទឹកប្រាក់ ៤២០ ពាន់លានដុល្លារ ។

បន្ថែមពីនេះទៅទៀតប្រភពដដែលក៏បានបន្តថា « វៀតណាមនឹងធ្វើសកម្មភាពប្រឆាំង នឹងក្រុមហ៊ុនដែលព្យាយាមនាំចេញទំនិញរបស់ចិនដោយខុសច្បាប់ដែលប្រើប្រាស់ឈ្មោះថា ” Made-in-Vietnam ” ដើម្បីចៀសវាងការដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក។ ហើយនឹងធ្វើការត្រួតពិនិត្យលើក្រុមហ៊ុនអេឡិចត្រូនិករបស់ខ្លួន Asanzo ដែលបាននាំចេញដោយខុសច្បាប់នូវយីហោទូរទស្សន៍ ដែលផលិតដោយប្រទេសចិនពីឈូងសមុទ្ររបស់ខ្លួន ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងធ្វើឲ្យខ្លួនក្លាយជាអ្នកឈ្នះនៅក្នុងសង្រ្គាមពាណិជ្ជកម្មមរវាងសហរដ្ឋអាមេរិក និងចិននេះ៕

អត្ថបទ៖ លីនី