កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានជំរុញឱ្យកម្ពុជាបើកការស៊ើបអង្កេតតំបន់សេដ្ឋកិច្ចពិសេសរបស់ចិននៅខេត្តព្រះសីហនុ (SSEZ) បន្ទាប់ពីបានរកឃើញថា ចិនបានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីគេចពីការយកពន្ធលើទំនិញ ដែលត្រូវនាំចេញទៅកាន់សហរដ្ឋអាមេរិក ពោលគឺបន្ទាប់ពីបានរកឃើញការក្លែងបន្លំទំនិញរបស់ចិននៅប្រទេសវៀតណាម ដើម្បីគេចពីការយកពន្ធរបស់អាមេរិក។
ដោយឡែករដ្ឋាភិបាលកម្ពុជាបានបដិសេធពីការចោទប្រកាន់ថា ក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) កំពុងត្រូវបានអនុញ្ញាតឲ្យទំនិញចិនបញ្ជូនឆ្លងកាត់តំបន់នោះទៅអាមេរិក បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងមួយ មិនបានរកឃើញសកម្មភាពបែបនេះទេ។ អ្នកនាំពាក្យស្ថានទូតអាមេរិកបានថ្លែងនៅក្នុងសេក្ដីថ្លែងការណ៍មួយថា « សហអាមេរិក នឹងប្រឹងប្រែងក្នុងការរកភស្តុតាង ដើម្បីចោទប្រកាន់ទៅលើការគេចពន្ធ និងប្រើប្រាស់គ្រប់មធ្យោបាយតាមច្បាប់ទាំងអស់ ដើម្បីរារាំងអ្នករំលោភច្បាប់គយ និងច្បាប់របស់សហរដ្ឋអាមេរិក »។
ប្រភពដដែលបានបន្ថែមទៀតថា «ការប្រើប្រាស់មធ្យោបាយនេះអាចរួមបញ្ចូលការពិន័យស៊ីវិល និងព្រហ្មទណ្ឌ ឬ សកម្មភាពអនុវត្តច្បាប់ផ្សេងទៀត» ។ ហើយបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបញ្ហាអភិបាលកិច្ច និងការអនុលោមតាមច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ។
ទោះជាយ៉ាងណាក្ដីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយ និងបានបញ្ជូនសេចក្តីថ្លែងការណ៍តបទៅវិញ ដោយបានបដិសេធការចោទប្រកាន់នេះ មិនមានមូលដ្ឋានច្បាស់លាស់ ហើយនិតិវិធីប្រតិបត្តិការនៅក្នុងតំបន់នោះត្រូវបានត្រួតពិនិត្យ និងរឹតបន្តឹងបានល្អណាស់៕
អត្ថបទ៖ លីនី


