សួនទឹកដ៏ធំជាងគេបង្អស់នៅកម្ពុជា នឹងបើកដំណើរការសាកល្បងនៅខែកក្កដាខាងមុខនេះ
សេដ្ឋកិច្ច June 29, 2019 Chan Sreyny

យោងតាមការអះអាងរបស់អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន LYP Group បានប្រាប់ឲ្យដឹងថា សួនទឹកកំសាន្តដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា Garden City Waterpark នឹងបើកដំណើរការសាកល្បង ឲ្យចូលលេងកំសាន្តនៅខែកក្កដាខាងមុខនេះ ហើយនឹងបើកដំណើរការជាផ្លូវការនៅដើមខែធ្នូ ឆ្នាំ ២០១៩ នេះផងដែរ។ បច្ចុប្បន្នសួនទឹកលំដាប់ថ្នាក់អន្តរជាតិមួយនេះ កំពុងតែសម្រុកក្នុងការសាងសង់ និងប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ដើម្បីបម្រើការងារជាច្រើនផ្នែកទៀងផង។

គួរបញ្ចាក់ផងដែរថាសួនទឹកកំសាន្ត Garden City Waterpark ត្រូវបានវិនិយោគដោយក្រុមហ៊ុន LYP​ Group នៅលើផ្ទៃដីជាង ៦ ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ដែលនៅក្បែរនឹង សួនសត្វ Phnom Penh Safari ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ បន្ថែមពីនេះទៅទៀតគំរោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនលំដាប់អន្តរជាតិ White Water របស់ប្រទេសអង់គ្លេស ដែលចំណាយដើមទុនជាង ៥០ លានដុល្លារអាមេរិក។

អ្វីដែលកាន់តែពិសេសសួនទឹកលំដាប់អន្តរជាតិមួយនេះ នឹងក្លាយជាសួនទឹកធំលំដាប់ទី២ ប្រចាំតំបន់អាស៊ានបន្ទាប់ពីសួនទឹក Sunway lagoon ដែលមានទំហំ ៣២ហិកតា របស់ម៉ាឡេស៊ី។ ហើយនឹងត្រៀមទម្លាក់តំណែងសួនទឹក Cartoon Network Pattaya របស់ថៃ ដែលមានទំហំ ៥.៧ ហិកតាផងដែរ ដោយមានឧបករណ៍កំសាន្ត ទំនើបៗច្រើនជាង សួនទឹកប្រទេសថៃរហូតដល់ ៥០% ដូចជារលកសប្បនិម្មិតដែលមានកំពស់ជាង ៣ ម៉ែត្រជាដើម៕

អត្ថបទៈលីនី