នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី៣៧ ស្តីពីថាមពល កាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រទេសថៃនឹងកំណត់ទិសដៅឲ្យក្លាយទៅជាមជ្ឈមណ្ឌលផ្គត់ផ្គង់អគ្គិសនីដ៏ធំមួយរបស់អាស៊ាន ដោយមានផែនការអភិវឌ្ឍខ្សែបញ្ជូនអគ្គិសនីរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលអគ្គីសនីក្នុងតំបន់ ដែលត្រូវយកថាមពលអគ្គីសនីពីប្រទេសឡាវ ហើយលក់ទៅឲ្យប្រទេសម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា។
បន្ថែមពីនេះលេខាធិការអចិន្រ្តៃយ៍របស់ក្រសួងថាមពលថៃ បាននិយាយថា ការពិភាក្សាជាមួយរដ្ឋមន្ត្រីថាមពលអាស៊ាន គឺដើម្បីស្វែងរកមធ្យោបាយ ក្នុងការធានានូវតំលៃសមរម្យរបស់ថាមពលអគ្គិសនីក្នុងតំបន់អាស៊ាន តាមរយៈការដំឡើងខ្សែបញ្ជូនទំនើប ហើយជម្រើសផ្សេងៗទៀតរួមមានការផ្តល់ប្រភពថាមពលកកើតឡើងវិញ រួមទាំងថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។
គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំលើកទី៣៧ ស្ដីពីភាពជាដៃគូ ជំរុញ និងលើកកម្ពស់ថាមពល និងគំនិតច្នៃប្រឌិត ដែលមានតំណាងពីបណ្ដាប្រទេសចូលរួមទាំង ១០ របស់អាស៊ាន ព្រមទាំងអង្គការអន្តរជាតិនានាដូចជា ភ្នាក់ងារថាមពលអន្តរជាតិ និងភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ ដើម្បីពិភាក្សាលើបញ្ហាទាក់ទងនឹងពាណិជ្ជកម្មអគ្គិសនីនៅក្នុងអាស៊ាន។ លើសពីនេះក្នុងគោលបំណងដើម្បីផ្លាស់ប្តូរឥន្ធនៈហ្វូស៊ីលនៅអាស៊ាន ទៅជាថាមពលដ៏ល្អ ដោយការពិភាក្សានេះ នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ាន ដែលគ្រោងធ្វើនៅថ្ងៃទី ២ និងទី៣ ខែកញ្ញាខាងមុខនេះ៕
អត្ថបទ៖ លីនី


