លោក ត្រាំ ព្រមានដាក់ពន្ធលើប្រទេសវៀតណាម ដែលកំពុងសម្ងំទាញផលប្រយោជន៍ពីអាមេរិក អាក្រក់ជាងចិនទៅទៀត
សេដ្ឋកិច្ច June 28, 2019 Chan Sreyny

នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក Donald Trump អាចនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការប្រឆាំងថ្មីមួយជាមួយប្រទេសជិតខាងរបស់ចិន គឺប្រទេសវៀតណាម។ ខណៈពេលដែលលោក Trump បានបន្ថែមពន្ធ ២៥% ដែលមានតម្លៃ ៣០០ ពាន់លានដុល្លារលើការនាំចូលរបស់ចិន ហើយក្រុមហ៊ុនជាច្រើនបានផ្លាស់ប្ដូរទៅប្រទេសវៀតណាម ដែលធ្វើឲ្យវៀតណាមទទួលបានផលប្រយោជន៍ច្រើនពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដោយលោកអាចនឹងដាក់ពន្ធលើប្រទេសវៀតណាម។

នៅក្នុងបទសម្ភាសន៍មួយជាមួយ Fox Business កាលពីថ្ងៃពុធ លោក Donald Trump បានជាន់កែងវៀតណាម ដោយចោទថា ប្រទេសនេះបានឆ្លៀតឱកាសនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដើម្បីទទួលបានអត្ថប្រយោជន៍។ លោក Trump បាននិយាយថា៖ «ប្រទេសវៀតណាមបានទាញយកប្រយោជន៍ពីយើង ដែលអាក្រក់ជាងប្រទេសចិនទៅទៀត»។ លោកបានបន្ថែមថា វៀតណាមគឺជា «អ្នករំលោភបំពានដ៏សំងាត់បំផុតរបស់មនុស្សគ្រប់គ្នា»។ លោក ត្រាំ ហាក់ដូចជាសំដៅទៅលើការពិតដែលថា ក្រុមហ៊ុនមួយចំនួនធំបានសម្រេចចិត្តផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនពីប្រទេសចិនទៅវៀតណាមដោយសារសង្គ្រាមពាណិជ្ជកម្ម ជាជាងត្រលប់ទៅអាមេរិកវិញតាមដែលគាត់ធ្លាប់បានសង្ឃឹមទុក។ លោកព្រមានថានឹងបង្កើនពន្ធលើប្រទេសចិនម្តងទៀត ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនអាចសម្រេចបាន ហើយលោកអាចនឹងដាក់ពន្ធលើប្រទេសវៀតណាមផងដែរ។

គួរបញ្ចាក់ផងដែរថា​ក្នុងងអំឡុងកិច្ចប្រជុំកំពូលកាលពីខែកុម្ភៈជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅទីក្រុងហាណូយ លោក Trump បានសរសើរដល់គោលបំណងរបស់វៀតណាមក្នុងការជួយកាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម ដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានធ្វើកិច្ចព្រមព្រៀងទិញយន្តហោះ និងឧបករណ៍ផ្សេងៗ ដែលមានតម្លៃ ២០ ពាន់លានដុល្លារ។

បន្ថែមពីនេះទៅទៀតវៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាមេរិកនៅអាស៊ី ដោយពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានស្តារឡើងវិញក្នុងឆ្នាំ ១៩៩៥ ពោលគឺរយៈពេលពីរទសវត្សបន្ទាប់ពីការបញ្ចប់សង្គ្រាមវៀតណាម។ ហើយយោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៧ ពាណិជ្ជកម្មអាមេរិកជាមួយវៀតណាមមានចំនួន ៥៨,២ ពាន់លានដុល្លារ៕

អត្ថបទៈ លីនី