នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk ជាអ្នកជំនួញដ៏ឆ្នើមមួយរូប ដែលបានជាប់ចំណាត់ថ្នាក់ទី២១ ក្នុងចំណោមអ្នកមានអំណាចជាងគេបំផុតលើពិភពលោកដែលចុះដោយទស្សនាវត្ដី Forbes ផងនោះ។ លោកក៏ត្រូវបានគេស្គាល់ថាជាអ្នកដែលងប់ងល់ នឹងការធ្វើជំនួញដែលតែងតែចំណាយពេល ១២០ម៉ោង ក្នុងមួយសប្ដាហ៍ ដើម្បីធ្វើការ និងគ្រប់គ្រងក្រុមហ៊ុនជាច្រើនដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ជាក់ស្ដែងសូម្បីតែនៅថ្ងៃកំណើតរបស់លោកឈានចូលវ័យ ៤៨ឆ្នាំ ពេលខាងមុខនេះ ក៏លោកនៅតែចំណាយពេលពេញមួយថ្ងៃ ដើម្បីធ្វើការដោះស្រាយលើបញ្ហាប្រឈមមួយ ដែលក្រុមហ៊ុនកំពុងជួបប្រទះគឺការដឹកជញ្ជូន។ លោកបាននិយាយថា ក្រុមហ៊ុនអាចទទួលបានជោគជ័យដោយសារការអូសបន្លាយជុំវិញការបញ្ជាទិញ និងភាគហ៊ុន ដើម្បីទទួលបានអតិថិជននៅចុងត្រីមាសនេះដែលត្រូវនឹង ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា។ ដោយនៅក្នុងត្រីមាសទី២ ក្រុមហ៊ុន Tesla អាចនឹងបំបែកឯតទគ្គកម្មរបស់ខ្លួនទៅលើចំនួននៃការលក់រថយន្ត ៩០,៧០០ គ្រឿងក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០១៨ ។
នេះមិនមែនជាលើកទីមួយទេដែល Elon Musk បានលះបង់ពេលវេលាក្នុងថ្ងៃខួបកំណើតរបស់គាត់ដើម្បីក្រុមហ៊ុន Tesla ដោយកាលពីឆ្នាំមុនលោកបានចំណាយពេលក្នុងថ្ងៃខួបកំណើតលើកទី៤៧ របស់គាត់ពេញមួយយប់ នៅការិយាល័យក្រុមហ៊ុន Tesla តែម្នាក់ឯង ពោលគឺមិនមានមិត្តភក្កិ មិនមានគ្រួសារ ឬ ពិធីជប់លៀងផ្សេងៗនោះទេ ដើម្បីត្រួតពិនិត្យការផលិតដែលត្រូវពន្យារលើម៉ូដែល ៣ របស់ក្រុមហ៊ុន៕
អត្ថបទ៖លីនី


