ផ្សារទំនើប Parkson Mall ចាយពេលសាងសង់ ៦ឆ្នាំ ស្ទើររួចរាល់ទាំងស្រុង តែគ្មានប្រភពណាបញ្ជាក់ពីថ្ងៃបើកដំណើរការ
សេដ្ឋកិច្ច June 27, 2019 Chan Sreyny

រយៈពេលបុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាអាគារពាណិជ្ជកម្មធំៗ និងផ្សារទំនើបជាច្រើនបានកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមិនត្រឹមតែជាផ្សារទំនើបក្នុងស្រុកនោះទេ​ សម្បីតែផ្សារទំនើបដែលមានឈ្មោះល្បីៗនៅលើពិភពលោកក៏បានបោះទុនចូលមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើនឡើងផងដែរ។ ជាមួយគ្នានេះដែរ​ផ្សារទំនើបអន្តរជាតិខ្នាតធំលំដាប់ទី២ បន្ទាប់ពីផ្សារទំនើប Aeon របស់ប្រទេសជប៉ុន បានកំពុងដំណើរការសាងសង់នៅក្នុងអគារពាណិជ្ជកម្ម Phnom Penh Megamall ដែលមានឈ្មោះថា Parkson Mall។

គួរបញ្ជាក់ផងដែរថាផ្សារទំនើប Parkson Mall គឺជាផ្សារទំនើបដែលឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានវត្តមាននៅក្នុងប្រទេសចិន ម៉ាឡេស៊ី វៀតណាម ស្រីលង្កា ឥណ្ឌូនេស៊ី និងមីយ៉ានម៉ា ហើយបានចាប់ផ្ដើមសាងសង់នៅក្នុងប្រទេសកម្ពុជាតាំងពីចុងឆ្នាំ ២០១២ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន Hassan Cambodia Development Co ,Ltd និងក្រុមហ៊ុន CBRE ។ ផ្សារទំនើបថ្មីនេះសាងសង់ក្នុងតំបន់កណ្ដាលទីក្រុង នៅលើបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្បែរស្តុបវត្ត នាគវ័ន្ធ លើផ្ទៃដីទំហំសរុប ៧០,០០០ ម៉ែត្រការ៉េ ដោយចំណាយដើមទុនរហូតដល់ ១១៧ លានដុល្លារ។

បន្ថែមពីនេះទៅទៀតផ្សារទំនើបនេះមានកម្ពស់រហូតដល់ ១១ ជាន់ដែលសំបូរទៅដោយហាងលក់ទំនិញល្បីៗគ្រប់ប្រភេទ រោងភាពយន្ត និងកន្លែងកំសាន្តផ្សេងៗដ៏ច្រើនសម្បូរបែប ដើម្បីបម្រើសេវាកម្មដល់ប្រជាជន និងភ្ញៀវទេសចរណផងដែរ។ មិនតែប៉ុណ្ណោះក៏បានបង្កើតការងារជូនប្រជាពលរដ្ឋយ៉ាងហោចណាស់ ៤០០០នាក់ ជាក់ស្ដែងគម្រោងផ្សារទំនើបថ្មីនេះ ក៏ត្រូវបានគេរពឹងថានឹងធ្វើការប្រកួតប្រជែងយ៉ាងខ្លាំង ជាមួយនឹងផ្សារទំនើប Aeon ទាំងពីរសាខានៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែអ្វីដែលគេឆ្ងល់នោះគឺ ផ្សារទំនើបមួយនេះចាប់ផ្តើមសាងសង់មុនផ្សារទំនើប Aeon II ទៅទៀត និងចាយពេលអស់៦ឆ្នាំ ប៉ុន្តែគ្មានប្រភពណាមួយបញ្ជាក់ពីការបើកដំណើរការជាផ្លូវការឡើយ ខណៈដែលបច្ចុប្បន្នអគារផ្សារទំនើបទាំងមូល ស្ទើររួចរាល់ទាំងស្រុងក៏ដោយ៕

អត្ថបទ៖លីនី