ក្រុមហ៊ុនដំឡើងកង់តែមួយគត់ក្នុងសហរដ្ឋអាមេរិក Detroit Bikes ដែលបង្កើតឡើងដោយលោក Zakary Pashak នៅភាគខាងលិចក្រុង Detroit បន្ទាប់ពីលោកបានផ្លាស់ទីតាំងនៅឆ្នាំ ២០១១ នៅតែបន្តសហការជាមួយប្រទេសចិន ដើម្បីសម្រេចបានជោគជ័យ ស្របពេលដែលបណ្ដាក្រុមហ៊ុនអាជីវកម្មធំៗ ជាច្រើនកំពុងបង្វែរទិសដៅពីប្រទេសចិន ដើម្បីគេចពីដំឡើងពន្ធរបស់អាមេរិក។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនរដ្ឋធានីវ៉ាស៊ីនតោនបានដាក់ពន្ធបន្ថែម ១០% បន្ថែមទៀតលើការនាំចូលរបស់ចិនចំនួន ២០០ ពាន់លានដុល្លារ រួមទាំងការនាំចូលកង់ ដែលបានតំឡើងរួច និងគ្រឿងបន្លាស់ ហើយថ្មីៗនេះបានបង្កើនដល់ ២៥% ។ ចំណុចនេះនឹងធ្វើឲ្យដៃគូប្រកួតប្រជែងលោកកាន់តែលំបាក និងមិនមានផលល្អសម្រាប់ពួកគេនោះទេ ហើយក្រុមហ៊ុន Detroit Bikes នឹងកាន់តែល្អប្រសើរជាងមុន ដោយសារតែក្រុមហ៊ុននេះមិននាំចូលកង់ដែលដំឡើងរួចមកពីប្រទេសចិនដែលមានអត្រាពន្ធខ្ពស់រហូតដល់ ៣៦% ដូចក្រុមហ៊ុនដទៃ។
ដោយឡែកក្រុមហ៊ុនរបស់លោកត្រូវចំណាយប្រាក់បន្ថែមទៅលើគ្រឿងបន្លាស់ពីចិនដូចជា តួកង់ កាំកង់ និងកែបកង់ ដើម្បីដំឡើងនៅក្នុងរោងចក្ររបស់ខ្លួន ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនទទួលរងផលប៉ះពាល់តិចតួចបំផុត ពីភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអាមេរិក ហើយអាចជាឪកាសមួយសម្រាប់ចាប់យកទីផ្សារថ្មីៗផងដែរ។ ដោយលោកបានពន្យល់ថា « នៅពេលដែលក្រុមហ៊ុនបង់ថ្លៃពន្ធ នោះតម្លៃនៃការលក់នឹងកាន់តែកើនឡើង ហើយអតិថិជននឹងចំណាយច្រើនជាងមុនទៅលើក្រុមហ៊ុន ដូច្នេះពន្ធដែលក្រុមហ៊ុនបង់គឺបានមកពីអតិថិជន៕
អត្ថបទ៖ លីនី


