ជម្លោះពាណិជ្ជកម្មអាមេរិក-ចិន ប្រទេសជាមួយចំនួនចំណេញកប់ក្តោង តែកូរ៉េខាងត្បូងវិញអត់ចំណេញនឹងគេ ហើយខាតទៀត ដោយសារការនាំចេញផលិតផលធ្លាក់ចុះរហូត
សេដ្ឋកិច្ច June 27, 2019 Chan Sreyny

យោងតាមការិយាល័យគយប្រចាំប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា ការនាំចេញទៅលើផលិតផលឧស្សាហកម្មរបស់ខ្លួនបានធ្លាក់ចុះរហូតដល់ ២ ដងត្រឹមរយៈពេល ២០ថ្ងៃដំបូងនៅក្នុងខែមិថុនា ដោយសារតែវដ្តអាជីវកម្មនៃឧស្សាហកម្មអេឡិចត្រូនិកសកលនៅតែបន្តធ្លាក់ចុះ។ ការនាំចេញរបស់ប្រទេសនេះបានបន្តធ្លាក់ចុះអស់រយៈពេល​ ៦ ខែមកហើយគិតត្រឹមចុងខែឧសភា។ ដោយការនាំចេញមានចំនួនប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ចធ្លាក់ចុះដល់ ២៧.២ ពាន់លានដុល្លារគិតត្រឹមពីថ្ងៃទី១ ដល់ថ្ងៃទី ២០ ខែមិថុនា ដែលធ្លាក់ចុះ ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចេញជាមធ្យមប្រចាំថ្ងៃបានធ្លាក់ចុះ ១៦.២% ដែលស្មើនឹងចំនួន ១.៩៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។

គួរបញ្ជាក់ផងដែរថាដោយសារតែការធ្លាក់ចុះនៃឧស្សាហកម្មផលិតបន្ទះឈីបសកល និងជម្លោះពាណិជ្ជកម្មពិភពលោករវាងអាមេរិក និងចិន ធ្វើឲ្យប្រទេសកូរ៉េខាងត្បូងកំណត់យកការកាត់បន្ថយការផលិតជាបន្តបន្ទាប់ បន្ទាប់ពីការនាំចេញបន្ទះឈីបបានធ្លាក់ចុះ ២៤.៣% ក្នុងរយៈពេលដែលបានលើកឡើង ហើយការដឹកជញ្ជូនផលិតផលប្រេងបានធ្លាក់ចុះ ២២.៤%។ លើសពីនេះការនាំចេញទៅកាន់ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ២០.៩% ក៏ដូចជាការនាំចេញទៅកាន់ប្រទេសជប៉ុន និងវៀតណាមផងដែរ៕

អត្ថបទ៖ លីនី