ខុនដូ Smart Building កម្ពស់ ៣៧ជាន់នឹងលេចចេញរូបរាងនៅក្នុងឆ្នាំ២០២០ខាងមុខ ដែលចំណាយទុន ៤០លានដុល្លារ
អចលនទ្រព្យ June 26, 2019 Samrith Choung

ថ្មីៗនេះយើងឃើញមានគម្រោងអាគារខុនដូ ខ្ពស់ៗជាច្រើនកំពុងសាងសង់ឡើងនៅក្នុងរាជធានីភ្នំពេញជាហេតុធ្វើអោយវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសនៅភ្នំពេញមានការកើនឡើងគួរអោយកត់សម្គាល់។ ជាមួយគ្នានេះផងដែរ យើងក៏ឃើញមាន គម្រោងខុនដូបែប Smart Buliding របស់ក្រុមហ៊ុនចិន Ding Li Building ថ្មីមួយទៀតដែលលេចចេញជារូបរាងនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២០នេះ។

លោកស្រី ចុង សៀម៉ី អគ្គនាយកនៃក្រុមហ៊ុន Ding Li Building បានឲ្យដឹងថា គម្រោងខុនដូ Ding Li នេះបានចំណាយទុនប្រមាណ៤០លានដុល្លារសហរដ្ឋអាមេរិក ក្នុងការសាងសង់ ហើយនេះក៏ជាគម្រោងទី១ ផងដែរសម្រាប់ក្រុមហ៊ុនរបស់ខ្លួនលើទឹកដីប្រទេសកម្ពុជាយើង។

លោកស្រីបន្ដថា សម្រាប់ការបើកគម្រោងខុនដូនេះលោកស្រីរំពឹងថា នឹងផ្ដល់សេវាកម្មជាច្រើនដល់អតិថិជនកម្ពុជា។ មុននឹងឈានដល់ការសម្រេចវិនិយោគលើគម្រោងខុនដូនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីសំលឹងឃើញថា ប្រទេសកម្ពុជា និងប្រទេសចិនមានទំនាក់ទំនងល្អទៅវិញទៅមក និងដើម្បីនាំយកបច្ចេកទេស ពីប្រទេសចិនមកផ្សព្វផ្សាយនៅកម្ពុជា។

លោកស្រីបន្ថែមថា «ការសម្រេចវិនិយោគលើគម្រោងខុនដូបែប Smart Buliding គឺដោយសារតែសំលឹងឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលអភិវឌ្ឍន៍ ដូចបណ្ដាប្រទេសដទៃ ហើយការប្រើប្រាស់បច្ចេកទេសដ៏ឆ្លាវ័យនេះគឺ នៅក្នុងប្រទេសកម្ពុជាក៏មិនសូវមានទូលំទូលាយផងដែរ។​ ជាក់ស្ដែងខ្ញុំជាជនជាតិចិន ហើយនៅក្នុងប្រទេសចិនមានបច្ចេកទេសនេះហើយខ្ញុំគិតថា បច្ចេកវិទ្យានេះពិតជាមានភាពងាយស្រួល»។

គួរបញ្ជាក់ផងដែរថា អាគារខុនដូ Ding Li នេះ នឹងលេចចេញជារូបរាងជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ២០២០ ខាងមុខនេះ​ ដែលចាយទុន៤០លានដុល្លារ។